អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និយាយថា ការឈ្លានពានរបស់រុស្ស៊ីអាចនាំទៅរកសង្គ្រាមលោកលើកទី៣ ហើយយើងមិនអាចដឹងមុនថា តើសង្គ្រាមពេញលេញនឹងចាប់ផ្ដើមពេលណាទេ

BY
autoadmin
March 17, 2022

សារព័ត៌មាន Business Insider បានចុះផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា វាអាចទៅរួចដែលថា ការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មកលើប្រទេសអ៊ុយក្រែន អាចឈានទៅដល់ការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣។ លោក Zelenskyy បានប្រាប់ទៅ NBC Nightly News ថា៖«គ្មាននរណាម្នាក់អាចដឹងថា តើវាបានចាប់ផ្តើមហើយមែនទេ ហើយតើអ្វីទៅជាលទ្ធភាពនៃសង្រ្គាមនេះ ប្រសិនបើអ៊ុយក្រែននឹងដួលរលំ ឬក្នុងករណីដែលអ៊ុយក្រែននឹងដួលរលំមែន? វាពិបាកនិយាយខ្លាំងណាស់»។ លោកបានបន្ថែមថា ៖«យើងបានឃើញរឿងនេះកាលពី ៨០ ឆ្នាំមុន នៅពេលដែលសង្រ្គាមលោកលើកទី២ បានចាប់ផ្តើម … ​​គ្មាននរណាម្នាក់នឹងអាចទស្សន៍ទាយថា តើសង្រ្គាមពេញលេញនឹងចាប់ផ្តើមនៅពេលណាទេ»។

រំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក Vladimir Putin បានចាប់ផ្តើមអ្វីដែលលោកបានហៅថា «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែន ដែលជំរុញឱ្យមានការព្រួយបារម្ភជាសកលថា វានឹងនាំឱ្យមានសង្គ្រាមលោកលើកទី៣។ ទស្សនខ្លះយល់ថា ប្រសិនបើសហរដ្ឋអាមេរិកមិនលូកដៃចូលក្នុងបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែននោះទេ វាអាចនឹងធ្វើឱ្យសង្គ្រាមលោកលើកទី៣ កើតមានឡើង ប៉ុន្តែមានអ្នកខ្លះជំទាស់នឹងទស្សននោះ បូករួមទាំងអតីប្រធានាធិបតី Donald Trump ផងដែរ។ ចំណែកអ្នកផ្សេងទៀត រួមទាំងប្រធានាធិបតី Joe Biden បានលូកដៃ និងបានគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបញ្ជូនអាវុធទៅអ៊ុយក្រែន ជំនួសឱ្យការបង្កើត​តំបន់​ហាម​ហោះ​ហើរ​នៅ​អ៊ុយក្រែន ក្នុង​ក្តី​សង្ឃឹម​ដើម្បី​បញ្ចៀស​ជម្លោះ​សកល។

លោក Zelensky បានបន្ថែមថា ប្រទេសជិតខាងតូចៗ ដែលពីមុនធ្លាប់ជាផ្នែកនៃសហភាពសូវៀត ក៏កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ គួរឱ្យដឹងដែរថា យោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានឱ្យដឹងថា គិតត្រឹមថ្ងៃអង្គារ យ៉ាងហោចណាស់មានជនជាតិអ៊ុយក្រែន ៧២៦ នាក់ ត្រូវបានសម្លាប់ និងជិត ១,២០០ នាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់រុស្ស៊ី ខណៈចំនួនពិតប្រាកដអាចមានចំនួនច្រើនជាងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider

Share This Post: