អន្តរជាតិ

រដ្ឋាភិបាលរុស្សីកំពុងរឹបអូសយន្តហោះបរទេសដោយស្របច្បាប់ ដែលជាការវាយបកទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប

BY
autoadmin
March 17, 2022

រដ្ឋាភិបាលរុស្សីកំពុងរឹបអូសយកយន្តហោះពាណិជ្ជកម្មរាប់រយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក និងអឺរ៉ុប នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ វាគឺជាសកម្មភាពថ្មីមួយទៀតរបស់រុស្ស៊ី នៅពេលដែលឧស្សាហកម្មអាកាសចរណ៍របស់ខ្លួនប្រឈមនឹងភាពតានតឹង ដោយសារការដាក់ទណ្ឌកម្មបរទេស បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃវិធានការប្រឆាំងនឹងទណ្ឌកម្មបរទេស ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី មានសិទ្ធិចុះបញ្ជីលើយន្តហោះ ដែលខ្លួនជួលពីក្រុមហ៊ុនបរទេសនៅក្នុងប្រទេសរុស្ស៊ី។

ដូច្នេះច្បាប់នេះនឹងធ្វើក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី អាចរក្សាយន្តហោះដែលខ្លួនជួលពីក្រុមហ៊ុនបរទេស និងដំណើរការយន្តហោះនៅលើផ្លូវក្នុងស្រុក ប៉ុន្តែនឹងធ្វើឱ្យក្រុមហ៊ុនបរទេសកាន់តែពិបាកក្នុងការទាមទារយកយន្តហោះមកវិញ ប្រសិនគ្មានការយល់ព្រមពីរដ្ឋាភិបាលរុស្ស៊ី។ វាដូចជាការវាយបករបស់លោក ពូទីន ចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប នៅពេលដែលទាំងសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប កំពុងតម្រូវឱ្យក្រុមហ៊ុនជួលរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដកហូតយន្តហោះដែលពួកគេជួលឱ្យក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីទាំងអស់ នៅចុងខែនេះ។

ជាក់ស្ដែងក្រុមហ៊ុនផលិតយន្តហោះបរទេសដូចជា Airbus (EADSF) និង Boeing (BA) ក៏បានកាត់ផ្តាច់គ្រឿងបន្លាស់ចាំបាច់ សម្រាប់ការថែទាំយន្តហោះ និងហោះហើរដោយសុវត្ថិភាព របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីរួចហើយដែរ។ គួរឱ្យដឹងដែរថា ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីដំណើរការយន្តហោះ Airbus ចំនួន ៣០៥ គ្រឿង និងយន្តហោះ Boeing ចំនួន ៣៣២ គ្រឿង នេះបើយោងតាមទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនវិភាគអាកាសចរណ៍ Cirium ។ រុស្ស៊ីក៏មានយន្តហោះក្នុងតំបន់ចំនួន ៨៣ គ្រឿង ដែលផលិតដោយក្រុមហ៊ុនបរទេសដូចជា Bombardier, Embraer និង ATR ជាដើម។ មានតែយន្តហោះចំនួន ១៤៤ គ្រឿងប៉ុណ្ណោះ នៅក្នុងកងនាវាសកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ដែលត្រូវបានសាងសង់នៅក្នុងប្រទេសរុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: