អន្តរជាតិ

ប្រទេសថៃអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យសង្ក្រាន្ត ប៉ុន្តែគ្មានការលេងជះទឹក និងពិសាគ្រឿងស្រវឹង

BY
autoadmin
March 19, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសថៃនឹងអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យសង្ក្រាន្តនៅខែក្រោយ ប៉ុន្តែការពិសាគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍នានា ការលេងពពុះសាប៊ូ ការលេងជះទឹក និងការលាបម្សៅ នឹងត្រូវបានហាមឃាត់។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ របស់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងជំងឺ COVID-19 (CCSA) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Prayut Chan-o-cha ។ លោក Prayut ក៏បានណែនាំដល់ភ្នាក់ងារទាំងអស់ឱ្យតាមដានយ៉ាងដិតដល់ នូវការលេចចេញនៃជំងឺ​ COVID-19 វ៉ារ្យ៉ង់អូមីក្រុង BA.2.2 ដើម្បីតាមដានការធ្វើតេស្ត, ប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ និងការឆ្លើយតបទៅនឹងការព្យាបាល។

កិច្ចប្រជុំរបស់ CCSA បានយល់ព្រមថា ការប្រារព្ធពិធីបុណ្យសង្ក្រានអាចត្រូវបានធ្វើឡើង ប៉ុន្តែដោយគ្មានគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍នានា ហើយប្រជាពលរដ្ឋ​ក៏​គួរ​ចៀសវាង​ពី​ការ​ជប់លៀង​ពពុះ​សាប៊ូ ការលេងជះទឹក និង​ការ​លាប​ម្សៅ​លាប​លើ​គ្នា​ផង​ដែរ​។ យ៉ាងណាក៏ដោយ សកម្មភាពដូចជា៖ ការស្រង់ទឹកឱ្យព្រះពុទ្ធបដិមា ការស្រោចទឹកលើដៃមនុស្សចាស់ក្នុងការសុំពរជ័យ និងសកម្មភាពផ្សេងៗទៀតនៅវត្តអារាម គឺអាចធ្វើទៅបាន។ CCSA បាននិយាយថា ព្រឹត្តិការណ៍ដែលបានរៀបចំទាំងអស់ត្រូវតែស្ថិតនៅក្នុងការកំណត់ដែលគ្មានហានិភ័យ COVID-19 ។ ជម្រាបដែរថា សង្ក្រាន្តឆ្នាំនេះ គឺចាប់ពីថ្ងៃពុធ ទី១៣ មេសា ដល់ថ្ងៃសុក្រ ទី១៥ មេសា ឆ្នាំ២០២២។ CCSA ក៏បានយល់ព្រមបន្តការអនុវត្តន៍ក្រឹត្យគ្រាអាសន្ន ដែលបច្ចុប្បន្ននឹងផុតកំណត់នៅចុងខែមីនា ក្នុងរយៈពេល ២ ខែបន្ថែមទៀត រហូតដល់ចុងខែឧសភា៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: