រុស្ស៊ីទុកពេលឱ្យអ៊ុយក្រែនត្រឹមម៉ោង ៥ព្រឹក ដើម្បីឱ្យអ៊ុយក្រែនព្រមចុះចាញ់ ហើយប្រគល់ទីក្រុង Mariupol តាមសម្រួល
- BY
- autoadmin
- March 21, 2022
អ៊ុយក្រែនបានច្រានចោលសំណើរបស់រុស្ស៊ី ដែលចង់ឱ្យទីក្រុងកំពង់ផែ Mariupol ចុះចាញ់តាមសម្រួល ដូច្នេះពលរដ្ឋអ៊ុយក្រែនដែលនៅទីនោះ អាចជម្លៀសចេញដោយសុវត្ថិភាព នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ក្រោមសំណើររបស់រដ្ឋាភិបាលរុស្ស៊ី ជនស៊ីវិលនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីនោះ ប្រសិនបើក្រុមអ្នកការពារទីក្រុងព្រមដាក់អាវុធចុះ ប៉ុន្តែអ៊ុយក្រែនបានបដិសេធដោយនិយាយថា អ៊ុយក្រែនមិនព្រមចុះចាញ់ឡើយ។ ប្រភពបាននិយាយថា ពលរដ្ឋប្រហែល ៣០០,០០០ នាក់ ត្រូវបានគេជឿថា កំពុងជាប់គាំងនៅទីនោះ ហើយជំនួយត្រូវបានរារាំងមិនឱ្យចូលទៅបាន។ ពលរដ្ឋបានស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាច្រើនសប្តាហ៍ជាប់ៗគ្នា ដោយមិនមានថាមពល អាហារគ្រប់គ្រាន់ ឬទឹកប្រើប្រាស់ឡើយ។

ព័ត៌មានលម្អិតនៃសំណើរបស់រុស្ស៊ីត្រូវបានដាក់ចេញកាលពីថ្ងៃអាទិត្យ ដោយឧត្តមសេនីយ៍ Mikhail Mizintsev ដែលបាននិយាយថា អ៊ុយក្រែនមានពេលរហូតដល់ម៉ោង ៥:០០ នាទី នៅព្រឹកថ្ងៃចន្ទ (ម៉ោងនៅទីក្រុងម៉ូស្គូ) ដើម្បីទទួលយកលក្ខខណ្ឌរបស់ខ្លួន។ នៅក្រោមផែនការនេះ កងទ័ពរុស្ស៊ីនឹងបើកច្រករបៀងសុវត្ថិភាពចេញពី Mariupol ចាប់ពីម៉ោង ១០:០០ នាទី សម្រាប់កងទ័ពអ៊ុយក្រែន និង ទាហានស៊ីឈ្នួលបរទេស ដើម្បីដកអាវុធ និងចាកចេញពីទីក្រុង។ រហូតដល់ ២ ម៉ោងក្រោយមកទៀត កងកម្លាំងរុស្ស៊ីនឹងអនុញ្ញាតឱ្យក្បួនរថយន្តមនុស្សធម៌ដែលមានអាហារ ឱសថ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត ចូលទៅក្នុងទីក្រុងដោយសុវត្ថិភាព នៅពេលដែលការដោះគ្រាប់ផ្ទុះត្រូវបានបញ្ចប់។
ឧត្តមសេនីយរុស្ស៊ី Mizintsev បានសារភាពថា មហន្តរាយមនុស្សធម៌ដ៏គួរឱ្យភ័យខ្លាចកំពុងកើតឡើងនៅទីនោះ ហើយគាត់បាននិយាយថា ការផ្តល់ជូននេះនឹងអនុញ្ញាតឱ្យជនស៊ីវិលភៀសខ្លួនដោយសុវត្ថិភាពទៅទិសខាងកើត ឬខាងលិច។ ជាការឆ្លើយតបទៅនឹងការផ្តល់ជូននេះ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បាននិយាយថា អ៊ុយក្រែននឹងមិនបញ្ឈប់ការការពារទីក្រុង Mariupol របស់ខ្លួនឡើយ។ កាលពីព្រឹកថ្ងៃអាទិត្យ លោក Pyotr Andryushenko ដែលជាទីប្រឹក្សារបស់អភិបាលក្រុង Mariupol ក៏បានប្តេជ្ញាចិត្តដែរថា អ្នកការពារទីក្រុងនឹងប្រយុទ្ធរហូតដល់នាទីចុងក្រោយ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






