អន្តរជាតិ

លោក ចូ បៃដិន បានអះអាងថា រុស្ស៊ី​កំពុង​ពិចារណា​ប្រើប្រាស់​អាវុធ​គីមី និង​ជីវសាស្ត្រ​នៅ​អ៊ុយក្រែន

BY
autoadmin
March 22, 2022

យោធាអ៊ុយក្រែននៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ បាននិយាយថា ពលរដ្ឋគួរតែត្រៀមខ្លួនសម្រាប់ការបាញ់ផ្លោងរបស់រុស្សី ដែលគ្មានការលើកលែងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះឡើយ ខណៈដែលប្រធានាធិបតីអាមេរិក ចូ បៃដិន បានចេញការព្រមានយ៉ាងខ្លាំងមួយថា ទីក្រុងម៉ូស្គូកំពុងពិចារណាប្រើប្រាស់អាវុធគីមី។ កងទ័ពរុស្ស៊ីបានបរាជ័យក្នុងការវាយយកទីក្រុងធំៗរបស់អ៊ុយក្រែន ក្នុងរយៈពេលជាង ៤ សប្តាហ៍ នៃការលុកលុយរបស់ពួកគេ ហើយពួកគេកំពុងងាកទៅរកការបំផ្លិចបំផ្លាញ នៅតំបន់លំនៅដ្ឋានរបស់ពលរដ្ឋ ដោយប្រើការវាយប្រហារតាមអាកាស មីស៊ីលរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំ។

ឥឡូវនេះកំពង់ផែ Mariupol ភាគខាងត្បូង បានក្លាយជាចំណុចស្នូលនៃការវាយលុករបស់រុស្សី ហើយភាគច្រើនស្ថិតនៅក្នុងការបំផ្លិចបំផ្លាញ ខណៈមានសាកសពខ្លះនៅដេកពាសពេញតាមដងផ្លូវនៅឡើយ ប៉ុន្តែការវាយប្រហារក៏ត្រូវបានគេរាយការណ៍ថា កាន់តែខ្លាំងឡើងលើទីក្រុងទី Kharkiv កាលពីថ្ងៃចន្ទផងដែរ។ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីត្រូវបានគេរំពឹងថា នឹងបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់ និងគ្រាប់បែកគ្រប់ប្រភេទ។ ចំណែកលោក បៃដិន បាននិយាយថា ការចោទប្រកាន់មិនពិតរបស់រុស្ស៊ី ដែលថាទីក្រុង Kyiv មានអាវុធជីវសាស្រ្ត និងគីមី បានបង្ហាញឱ្យឃើញថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខ្លួនឯង គឺកំពុងពិចារណាប្រើប្រាស់អាវុធទាំងនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: