អន្តរជាតិ

លោក ស៊ី ជីនពីង បានបញ្ជា​ឱ្យ​មានបេសកកម្ម​ស្វែងរក និង​ជួយ​សង្គ្រោះ​ឱ្យ​អស់ពី​សមត្ថភាព បន្ទាប់ពីយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន China Eastern Airlines បានធ្លាក់កាលពីម្សិលមិញ

BY
autoadmin
March 22, 2022

រដ្ឋាភិបាលចិនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទាំងអស់កំពុងដំណើរការ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់នៅភាគខាងត្បូងរបស់ប្រទេសចិន ជាមួយនឹងអ្នកដំណើរទាំអស់ ១៣២ នាក់ នៅលើយន្តហោះ។ យ៉ាងណារហូតមកទល់ពេលនេះ ព័ត៌មានលម្អិតអំពីគ្រោះមហន្តរាយ រួមទាំងចំនួនអ្នកស្លាប់ និងរបួស មិនត្រូវបានបញ្ចេញឱ្យដឹងនៅឡើយទេ។ អាជ្ញាធរអាកាសចរណ៍របស់ប្រទេសចិន បាននិយាយថា យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានហោះចេញពីទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃចន្ទ ឆ្ពោះទៅទីក្រុង Guangzhou ក្នុងខេត្ត Guangdong ប៉ុន្តែបានធ្លាក់នៅតំបន់ភ្នំក្នុងតំបន់ស្វយ័ត Guangxi Zhuang នៅថ្ងៃដដែល។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិនបាន​និយាយ​ថា គ្មាន​ជនបរទេស​ណា​ម្នាក់​នៅ​លើ​យន្តហោះ​នោះ​ទេ ខណៈប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​បញ្ជា​ឱ្យ​មានបេសកកម្ម​ស្វែងរក និង​ជួយ​សង្គ្រោះ​ឱ្យ​អស់ពី​សមត្ថភាព និង​ការ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវបំផុត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ឧបនាយករដ្ឋមន្ត្រី Liu He ក៏បានទៅដល់កន្លែងកើតហេតុកាលពីល្ងាចថ្ងៃចន្ទ ហើយកងកម្លាំងយោធាត្រូវបានដាក់ពង្រាយ សម្រាប់បេសកកម្មជួយសង្គ្រោះទាំងអស់។ អ្វី​ដែល​ទំនង​ជា​បំណែក​យន្តហោះ ក៏​ត្រូវ​បានគេ​រក​ឃើញផងដែរ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​នៅ​មិន​ទាន់​អាចដឹង​បាននៅ​ឡើយ​ទេ។ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ឥឡូវនេះបានផ្អាកយន្តហោះម៉ូដែល Boeing 737-800 ទាំងអស់របស់ខ្លួន ដែលបណ្តាលឱ្យមានការលុបចោលជើងហោះហើរ នៅតាមអាកាសយានដ្ឋានទូទាំងប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: