អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ក្រុមហ៊ុន Nestlé ចំពោះការបន្ដទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី

BY
autoadmin
March 22, 2022

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ក្រុមហ៊ុន Nestlé ដែលជាក្រុមហ៊ុនជាអាហារ និងភេសជ្ជៈដ៏ធំរបស់ប្រទេសស្វីស ចំពោះការរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ទោះបីជាក្រុមហ៊ុននេះ បានដឹងពីការឈ្លានពានរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែនលោកក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ លោកប្រធានាធិបតី Zelensky បានថ្លែងតាមទូរទស្សន៍ទៅកាន់ប្រជាជនស្វីសកាលពីថ្ងៃសៅរ៍ថា៖«អាហារល្អ ជីវិតល្អ។ នេះជាពាក្យស្លោករបស់ Nestlé។ ពាក្យស្លោករបស់ក្រុមហ៊ុន ដែលបដិសេធមិនចាកចេញពីប្រទេសរុស្ស៊ី»។

លោកបានបន្ថែមថា៖«សូម្បីតែឥឡូវនេះ — នៅពេលដែលមានការគំរាមកំហែងពីរុស្ស៊ីទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត។ មិនមែនត្រឹមតែចំពោះយើង [អ៊ុយក្រែន] ប៉ុណ្ណោះទេ។ ក្រុមហ៊ុន Nestlé ដែលជាអ្នកផលិតនំ KitKat, អាហារទារក Gerber និងការ៉េម Dreyer មួយនេះ បានការពារការសម្រេចចិត្តរបស់ខ្លួន ក្នុងការបន្តធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី»។ ជម្រាបដែរថា គិតមកទល់ពេលនេះ មានសាជីវកម្មបរទេសប្រមាណជា ៤០០ បានបិទទ្វាររបស់ខ្លួននៅប្រទេសរុស្ស៊ី ចាប់តាំងពីលោក ពូទីន បានបើកការឈ្លានពានមកលើអ៊ុយក្រែន។ ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន Nestlé បានអះអាងថា ក្រុមហ៊ុនបានកាត់បន្ថយសកម្មភាពជាច្រើន រួមទាំងផ្អាកការនាំចេញ និងការនាំចូលនៅក្នុងប្រទេសរុស្ស៊ី លើកលែងតែផលិតផលសំខាន់ៗប៉ុណ្ណោះ។

Nestlé បាននិយាយថា ខ្លួនលែង​វិនិយោគ ឬ​ផ្សព្វផ្សាយ​ផលិតផល ហើយក៏មិនបានទទួលផលចំណេញ ចំពោះសកម្មភាពដែលនៅសេសសល់នោះដែរ។ ក្រុមហ៊ុនបន្ថែមថា ទោះបីជាក្រុមហ៊ុនបានផ្គត់ផ្គង់​អាហារ​សំខាន់ៗដល់ប្រជាជន ប៉ុន្តែ​មិន​មាន​ន័យ​ថា ​ក្រុមហ៊ុនបន្ដអាជីវកម្មដូចពីមុននោះទេ។ ក្រុមហ៊ុននៅបន្ដអាជីវកម្មមួយចំនួនតូចនៅប្រទេសអ៊ុយក្រែនប៉ុណ្ណោះ ហើយខ្លួនក៏បានជួយផ្គត់ផ្គង់អាហារនៅទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី២ របស់អ៊ុយក្រែនផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: