អន្តរជាតិ

អ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់រុស្ស៊ីម្នាក់បានលាលែងពីតំណែង ដោយសារអង្គភាពដែលគាត់បានបម្រើការ គឺនិយាយតែពីលោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន

BY
autoadmin
March 23, 2022

អ្នក​កាសែត និងជាអ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់​រុស្ស៊ី​ម្នាក់ បាន​លាលែង​ពី​តំណែង​របស់ខ្លួន ដោយសារអង្គភាព​ដែលគាត់បាន​បម្រើការ ​គឺជាអង្គភាពដែលគ្រប់គ្រង​ដោយរដ្ឋាភិបាលរុស្ស៊ី។ អ្នកស្រី Zhanna Agalakova បានធ្វើការជាអ្នកអានព័ត៌មាននៅទូរទស្សន៍ Channel One របស់រុស្ស៊ី ហើយគាត់ក៏ជាអ្នកឆ្លើយឆ្លងព័ត៌មានពិសេសនៅប្រទេសបារាំង និងប្រទេសផ្សេងៗទៀតផងដែរ។ អ្នកស្រីបាន​បង្ហោះ​ដំណឹង​លាលែង​ពី​តំណែង​ជា​លើក​ដំបូង​នៅ​លើ​បណ្ដាញ​សង្គម ​នៅ​ថ្ងៃ​ទី១៧ ខែ​មីនា ហើយគាត់ក៏បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ ដែលរៀបចំដោយក្រុមសេរីភាពសារព័ត៌មានអន្តរជាតិ អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders)។

អ្នកស្រីបាន​និយាយ​ថា ​ព័ត៌មាន​នៅ​ប៉ុស្ដិ៍​ Channel One ​និយាយ​តែ​ពី​​បុរស​ទីមួយ​នៃ​ប្រទេស​រុស្ស៊ី គឺ​ប្រធានាធិបតី ​វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ជំនួយការ​របស់​គាត់​ប៉ុណ្ណោះ​។ អ្នកស្រី Agalakova បាននិយាយថា អ្នកស្រីអាចលាលែងពីតំណែងបាន ដោយសារតែគាត់មានសេរីភាព និងទទួលបានការការពារនៅក្នុងប្រទេសបារាំង។ ប៉ុន្តែអ្នកស្រីបានកត់សម្គាល់ថា សហសេវិករបស់គាត់នៅក្នុងប្រទេសរុស្ស៊ីមានគ្រួសាររបស់ពួកគេ ហើយកំពុងជាប់ជាចំណាប់ខ្មាំងដោយសារស្ថានភាពបច្ចុប្បន្ន ដោយបានបន្ថែមថា វាមិនងាយស្រួលសម្រាប់ពួកគេក្នុងការតវ៉ានោះទេ។ អ្នកស្រី​ក៏​បាននិយាយ​ពី​អាជីពពីមុន​របស់​គាត់ ដោយ​ទទួល​ស្គាល់​ថា ​គាត់​បានប្រឈមនឹងហានិភ័យជាច្រើន។ ជាមួយគ្នានេះដែរ អ្នកស្រី Agalakova បានជំរុញប្រជាជននៃប្រទេសរុស្ស៊ីឱ្យស្វែងរកប្រភពនៃព័ត៌មានផ្សេងទៀត ហើយរៀនពីអ្វីដែលហៅថាជាប៉ុស្ដិ៍នយោបាយ ហើយឈប់ឱ្យគេបំភាន់ភ្នែកបាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: