១២ចំណុច ដែលអ្នកជក់បារីកំពុងតែបំផ្លាញរូបរាងខាងក្រៅខ្លួនឯងទាំងមិនដឹងខ្លួន
យើងទាំងអស់គ្នាដឹងហើយថាការជក់បារីមានផលវិបានច្រើន សូម្បីតែលើកញ្ចប់បារីក៏មានការព្រមានពីគ្រោះថ្នាក់នៃការជក់បារីដូចជា៖ មហារីក រលាកសួតផ្សេងៗ។ ទោះជាមានការព្រមានច្រើនយ៉ាងណាក៏ចំនួនអ្នកជក់នៅតែមាន តែយ៉ាងណាមិញការជក់បារីរយៈពេលយូរមិនត្រឹមតែមានផលអាក្រក់ដល់សុខភាពខាងក្នុងរបស់អ្នកនោះទេសូម្បីតែ សក់ ស្បែក ធ្មេញ របស់អ្នកក៏រងហានិភ័យខ្ពស់ផងដែរបើសិនជាអ្នកមិនស្វែងរកវិធីដើម្បីកាត់ផ្តាច់វាចេញនោះ។ ខាងក្រោមនេះគឺជាផលវិបាករបស់បារីមកលើសារពាង្គកាយរបស់អ្នក៖
១. ការជក់បារីធ្វើឱ្យខ្មៅក្រោមរង្វង់ភ្នែក៖ ការស្រាវជ្រាវបានបង្ហាញថាអ្នកជក់បារីមិនអាចដេកលក់ស្រួលដូចអ្នកមិនជក់បារីនោះទេ ហើយនៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់អ្នកគឺដូចជាកំពុងតែបំផ្លាញរាងកាយរបស់អ្នក ហើយជាពិសេសគឺវាធ្វើឱ្យខ្មៅក្រោមរង្វង់ភ្នែករបស់អ្នកតែម្តង។
២. អ្នកនឹងប្រឈមមុននឹងជំងឺស្បែក psoriasis៖ អ្នកដែលមិនដែលប៉ះនឹងបារីក៏អាចប្រឈមមុននឹងជំងឺស្បែក psoriasis បានដែរ តែអ្នកជក់បារីបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺស្បែក psoriasis លឿនជាងអ្នកមិនជក់បារី។ ប្រសិនបើអ្នកជក់បារីក្នុងមួយថ្ងៃមួយកញ្ចប់ ឱកាសនៃការកើតជំងឺស្បែក psoriasis កើនឡើង ២០% ហើយប្រសិនបើអ្នកជក់បារីក្នុងអត្រាបែបនេះអស់រយៈពេលច្រើនជាង ១១ឆ្នាំ ហានិភ័យនៃជំងឺស្បែក psoriasis នឹងកើនឡើងដល់ ៦០%។
៣. ធ្មេញរបស់អ្នកនឹងប្រែជាពណ៌លឿង៖ បើអ្នកចង់ដឹងថាវាលឿងប៉ុណ្ណា អ្នកត្រូវមើលទៅក្នុងកញ្ចក់នឹងដឹងហើយ។ ជាតិនីកូទីននៅក្នុងបារីធ្វើឱ្យធ្មេញមានពណ៌លឿងខ្លាំងហើយយូរៗទៅវាអាចធ្វើឱ្យខ្មៅងងឹតតែម្តង។ ហើយថ្នាំជក់ដែលមាននៅក្នុងបារីអាចនាំឱ្យមានជំងឺអញ្ចាញធ្មេញ ដែកធ្វើឱ្យឆ្អឹងធ្មេញរបស់អ្នកចុះខ្សោយ។

៤. ស្បែករបស់អ្នកនឹងមើលទៅស្រអាប់៖ ជាទូទៅការជក់បារីមានឥទ្ធិពលទៅលើស្បែករបស់អ្នកដោយធ្វើឱ្យស្បែករបស់អ្នកស្រអាប់និងប្រផេះខ្លាំង។ ការជក់បារីគឺបំផ្លាញសារជាតិបំប៉នរួមទាំងវីតាមីនC ដែលជាវីតាមីនធ្វើការជួសជុលនិងការពារស្បែក ចំណែកសារជាតិម៉ូណូស៊ីតធ្វើឱ្យរាំងស្ទះលំហូរឈាមរបស់អ្នក ហើយផលប៉ះពាល់ទាំងអស់នេះរួមគ្នាធ្វើអោយអ្នកមានស្បែកដែលគ្មានពណ៌ស្រស់ស្អាតនិងស្ងួតស្រអាប់។
៥. ជំងឺឬសជាពិសេសលើស្ត្រី៖ ក្រោយពីធ្វើតេស្តស្ត្រីជិត៦០,០០០នាក់ ការស្រាវជ្រាវបានសន្និដ្ឋានថាការជក់បារីធ្វើឱ្យមនុស្សដែលមានភាពសកម្មជាមួយផ្លូវភេទងាយនឹងឆ្លងមេរោគ HPV រួមទាំងមានឬសក្នុងប្រដាប់បន្តពូជរបស់ពួកគេ។ ការស្រាវជ្រាវក៏បានរកឃើញថាស្ត្រីដែលជក់បារីមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះជាងអ្នកដែលមិនជក់បារី៤ដង វាប្រហែលជាដោយសារតែជាតិនីកូទីនបានសម្លាប់ប្រព័ន្ធភាពស៊ាំរបស់ពួកគេ។
៦. ហានិភ័យនៃជំងឺភ្នែកឡើងបាយ៖ ដោយការដាក់សម្ពាធអុកស៊ីតកម្មលើកែវភ្នែក ការជក់បារីបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺភ្នែកឡើងបាយដោយកើនឡើង ២២ភាគរយ។ អ្នកស្រាវជ្រាវស៊ុយអ៊ែតបានរកឃើញថាសូម្បីតែបន្ទាប់ពីឈប់ជក់បារីក៏ដោយក៏ហានិភ័យនៅតែមាន។
៧. ធ្វើឱ្យកើតសង្វារ៖ ទោះបីជាអ្នកណាក៏អាចមានសង្វារដោយសារការលើសនិងខ្វះទម្ងន់យ៉ាងណាក៏ដោយ ជាតិនីកូទីនក្នុងបារីធ្វើឱ្យខូចខាតដល់ជាលិកាភ្ជាប់និងសរសៃនៅលើស្បែករបស់អ្នកដែលបណ្តាលឱ្យស្បែករបស់អ្នកចុះខ្សោយ។

៨. ធ្វើឱ្យជ្រុះសក់៖ សារធាតុគីមីពុលក្នុងផ្សែងបារីធ្វើឱ្យខូច DNA របស់ឫសសក់ ដែលបណ្តាលឱ្យសក់ជ្រុះ។ បារីក៏ធ្វើឱ្យខូចរ៉ាឌីកាល់សេរីដែលមិនត្រឹមតែធ្វើឱ្យសក់ស្តើងប៉ុណ្ណោះទេថែមទាំងធ្វើឱ្យសក់ក្លាយជាប្រផេះផងដែរ។
៩. ចាស់ជាងវ័យ៖ ជាតិនីកូទីនក្នុងបារីធ្វើឱ្យស្បែកចុះខ្សោយដែលនាំឱ្យមានស្នាមជ្រួញមុនអាយុក្នុងតំបន់មួយចំនួនរួមមាន ថ្ងាស ភ្នែកក និងទ្រូង។ ក្រុមអ្នកជំនាញបានព្រមានថាការជក់បារីបង្កើនល្បឿននៃភាពចាស់យ៉ាងខ្លាំង ហើយសូម្បីតែអ្នកជក់បារីវ័យក្មេងក៏មើលទៅមានអាយុច្រើនជាងខ្លួនគេផ្ទាល់ពីរឆ្នាំដែរ។
១០. ទ្រូងរបស់អ្នកនឹងអាចខូចខាត៖ ការជក់បារីបណ្តាលឱ្យអ្នកស្គមរីងរៃ ហើយចំពោះស្ត្រីវាធ្វើឱ្យសុដន់យារធ្លាក់ដោយសារវាធ្វើឱ្យស្បែកបាត់បង់សមត្ថភាពក្នុងការបត់បែនរបស់វា ដែលជាហេតុនាំឱ្យសាច់នៅបរិវេនដើមដៃ និងទ្រូងរបស់អ្នកយារធ្លាក់។
១១. ការជក់បារីនាំអ្នកឈានទៅរកមហារីកស្បែក។
១២. ក្រចករបស់អ្នកប្រែពណ៌លឿងដោយសារជាតិថ្នាំជក់នៅក្នុងបារី៕

អត្ថបទ៖ លីដា
ប្រភព៖ RD