សហរដ្ឋអាមេរិកបានកំណត់ជាផ្លូវការថា យោធារុស្ស៊ីកំពុងប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្គ្រាម» នៅប្រទេសអ៊ុយក្រែន
- BY
- autoadmin
- March 24, 2022
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានកំណត់ជាផ្លូវការថា កងកម្លាំងរុស្ស៊ីកំពុងប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្គ្រាម» នៅក្នុងអ៊ុយក្រែន។ លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តនេះគឺផ្អែកលើការវិភាគដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងព័ត៌មានប្រភពបើកចំហ។ គាត់បាននិយាយថា៖«យើងបានឃើញរបាយការណ៍គួរឱ្យទុកចិត្តជាច្រើនទាក់ទងនឹងការវាយប្រហារ និងការវាយប្រហារដោយចេតនា ទៅលើជនស៊ីវិល ក៏ដូចជាអំពើឃោរឃៅផ្សេងទៀត»។

លោកបានបន្តទៀតថា៖«រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តតាមដានរបាយការណ៍នៃឧក្រិដ្ឋកម្មសង្គ្រាមនេះ ហើយនឹងចែករំលែកព័ត៌មានដែលយើងប្រមូលបាន ជាមួយសម្ព័ន្ធមិត្ត ដៃគូ និងស្ថាប័ន និងអង្គការអន្តរជាតិនានាតាមការសមស្រប»។ ឥឡូវនេះ សូម្បីប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានហៅប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ថាជា «ឧក្រិដ្ឋជនសង្រ្គាម» ហើយលោក Blinken បាននិយាយថា គាត់យល់ស្របជាមួយលោក បៃដិន។ ជាមួយគ្នានេះដែរ តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ ក៏បានបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផ្សេងទៀត នៅក្នុងប្រទេសអ៊ុយក្រែនរួចហើយ ទៅតាមសំណើរបស់ប្រទេសជាច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






