កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM ជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០១៧
- BY
- autoadmin
- March 24, 2022
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប (ICBM) ជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០១៧ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ មន្ត្រីជប៉ុនបានប៉ាន់ប្រមាណថា វាបានហោះបានចម្ងាយ ១ ១០០ គីឡូម៉ែត្រ (៦៨៤ ម៉ាយ) ហើយបានធ្លាក់ក្នុងដែនទឹកជប៉ុន បន្ទាប់ពីហោះបានជាងមួយម៉ោង។ មីស៊ីល ICBM អាចធ្វើដំណើរបានរាប់ពាន់គីឡូម៉ែត្រលើគន្លងស្តង់ដារ ហើយតាមទ្រឹស្តីអាចទៅដល់សហរដ្ឋអាមេរិកឯណោះ ខណៈកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយ៉ាងគគ្រឹកគគ្រេង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាននិយាយថា ការសាកល្បងមួយចំនួន ដែលទីក្រុងព្យុងយ៉ាងអះអាងថា ជាការបាញ់បង្ហោះផ្កាយរណប គឺជាការសាកល្បងប្រព័ន្ធ ICBM ។ យោងតាមមន្ត្រីជប៉ុនបានឱ្យដឹងថា មីស៊ីលដែលបាញ់នៅថ្ងៃព្រហស្បតិ៍នេះ បានឈានដល់កម្ពស់ជាង ៦ ០០០ គីឡូម៉ែត្រ។ រំលឹកដែរថា នៅឆ្នាំ២០១៨ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានដាក់ការផ្អាកលើការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងនុយក្លេអ៊ែរ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






