អន្តរជាតិ

រដ្ឋបាលទីក្រុងបាងកកកំពុងពិចារណា លើសំណើសុំឱ្យមានការលេងជះទឹក និងប៉ាតម្ស៉ៅក្នុងអំឡុងពេលសង្ក្រាន្តឆ្នាំថ្មី

BY
autoadmin
March 25, 2022

រដ្ឋបាលទីក្រុងបាងកក (BMA) នឹងពិចារណាគ្នានៅថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយនេះ ថាតើត្រូវអនុញ្ញាតឱ្យមានសកម្មភាពលេងបាញ់ទឹក នៅលើផ្លូវ Khao San ក្នុងអំឡុងពេលសង្ក្រាន្តចូលឆ្នាំថ្មី តាមការស្នើសុំរបស់ប្រតិបត្តិករអាជីវកម្មដែរ ឬទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ។ ប្រតិបត្តិករអាជីវកម្មនៅផ្លូវ Khao San ដែលជាតំបន់ប្រមូលផ្ដុំអ្នកទេសចរណ៍ដ៏ពេញនិយម និងកន្លែងទេសចរណ៍ក្នុងខេត្តផ្សេងទៀតដូចជា ឈៀងម៉ៃ, ភូកេត និង ប៉ាតាយ៉ា កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ញត្តិរួមគ្នាមួយ ទៅកាន់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព COVID-19 (CCSA) ដើម្បីសុំឱ្យមានការបន្ធូរបន្ថយលើការហាមឃាត់នេះ។

គួររំលឹកផងដែរថា CCSA បានបើកភ្លើងបៃតងឱ្យមានការប្រារព្ធបុណ្យសង្ក្រាន្តឆ្នាំថ្មី ប៉ុន្តែហាមឃាត់មិនឱ្យមានការលេងជះទឹក ឬ ប៉ាតម្ស៉ៅនោះឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ COVID-19 ។

ប្រតិបត្តិករអាជីវកម្មនៅតាមបណ្តោយផ្លូវ Khao San បានត្អូញត្អែរថា វិធានការនេះនឹងធ្វើឱ្យពួកគេបាត់បង់ប្រាក់ចំណូល ខណៈដែលផ្លូវ Khao San ជាទូទៅត្រូវបានគេស្គាល់ថា ជាបណ្ដោយផ្លូវដែលមានការលេងបាញ់ទឹក និងប៉ាតម្ស៉ៅ ដ៏ធំបំផុតមួយនៅទីក្រុងបាងកក។ ស្មៀនក្រុងលោក Khachit Chatchawanit បាននិយាយថា គណៈកម្មាធិការជំងឺឆ្លងនៅទីក្រុងបាងកកនឹងជួបប្រជុំគ្នា ដើម្បីពិចារណាលើសំណើរបស់ប្រតិបត្តិករអាជីវកម្ម ហើយនឹងជ្រើសយកអ្វីដែលល្អសម្រាប់ពលរដ្ឋទាំងអស់គ្នា។

ចំណែកប្រតិបត្តិករអាជីវកម្មនៅទីក្រុងឈៀងម៉ៃ ក៏កំពុងមមាញឹករៀបចំខ្លួនសម្រាប់លំហូរនៃភ្ញៀវទេសចរក្នុងអំឡុងពេលសង្ក្រាន្ត ខណៈដែលទីក្រុងនេះនឹងត្រូវបានចាត់ថ្នាក់ជាតំបន់ពណ៌ខៀវដោយ CCSA សម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍ ចាប់ពីថ្ងៃទី០១ ខែមេសា តទៅ។ ទីក្រុងឈៀងម៉ៃរំពឹងថា នឹងមានអ្នកទេសចរចំនួន ១០០,០០០ នាក់ មកកម្សាន្តក្នុងអំឡុងពេលសង្ក្រាន្ត ហើយសណ្ឋាគារ និងភោជនីយដ្ឋាននៅទីនោះ មានឆន្ទៈអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការប្រុងប្រយ័ត្នចំពោះជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: