អន្តរជាតិ

លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងប្ដឹងទារសំណង ២៤ លានដុល្លារ ប្រឆាំងនឹងលោកស្រី ហ៊ីឡារី គ្លីនតុន និងបុគ្គលជាច្រើននាក់ទៀត

BY
autoadmin
March 25, 2022

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងដ៏ធំសម្បើមមួយ កាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងនឹងលោកស្រី ហ៊ីឡារី គ្លីនតុន គណៈកម្មាធិការជាតិប្រជាធិបតេយ្យ និងមនុស្សចំនួន ២៦ នាក់ផ្សេងទៀត ក៏ដូចជាអង្គភាពនានា ដែលរូបគាត់បានអះអាងថា បានសមគំនិតគ្នាធ្វើឱ្យខូចដល់យុទ្ធនាការឃោសនាបោះឆ្នាំ២០១៦ របស់គាត់ ជាមួយនឹងការចងភ្ជាប់រូបគាត់ទៅនឹងប្រទេសរុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ ពាក្យបណ្តឹងនោះបានដាក់ឈ្មោះបុគ្គលជាច្រើន ដោយរួមទាំងអតីតនាយក FBI លោក James Comey និងមន្រ្តី FBI ផ្សេងទៀត, ចារកម្មអង់គ្លេសចូលនិវត្តន៍លោក Christopher Steele និងសហការីរបស់គាត់ និង​ទីប្រឹក្សា​យុទ្ធនាការ​លោកស្រី គ្លីនតុន មួយក្ដាប់តូចបន្ថែមទៀត។ លោក ដូណាល់ ត្រាំ បានចោទប្រកាន់បុគ្គល និងអង្គភាពទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយនិយាយថា ពួកគេបានសមគំនិតគ្នាប្រឆាំងនឹងរូបលោក។

នៅពាក្យបណ្តឹងដែលមានចំនួន ១០៨ទំព័រ ដែលដាក់នៅតុលាការសហព័ន្ធក្នុងរដ្ឋផ្លរីដាបាននិយាយថា៖«ក្រោមការដឹកនាំស្រាវជ្រាវរបស់បក្សប្រឆាំង ការវិភាគទិន្នន័យ និងយុទ្ធសាស្ត្រនយោបាយផ្សេងទៀត បានបង្ហាញថា ចុងចោទបានស្វែងរកដោយចេតនា ដើម្បីបំបាក់ទំនុកចិត្តរបស់សាធារណជន។ ពួកគេបានធ្វើការរួមគ្នាជាមួយនឹងគោលបំណងតែមួយ បម្រើខ្លួនឯង៖ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ Donald J. Trump»។ វាបានអះអាងថា គណបក្សប្រជាធិបតេយ្យ និងមន្ត្រីរដ្ឋាភិបាលមួយចំនួន បានប្រព្រឹត្តបទល្មើសជាចង្កោម ចាប់តាំងពីការឃុបឃិតគ្នាយ៉ាងសកម្ម រហូតដល់ការប្ដឹងផ្ដល់ដែលមានគំនិតអាក្រក់ ការក្លែងបន្លំតាមបណ្ដាញកុំព្យូទ័រ និងការលួចទិន្នន័យអ៉ីនធឺណិតសម្ងាត់។ ជាមួយគ្នានេះដែរ ពាក្យបណ្តឹងនោះបានទាមទារសំណង និងថ្លៃខូចខាត ២៤ លានដុល្លារ ហើយពាក្យបណ្ដឹងទាំងនោះក៏មានផ្ទុកនូវភាពមិនច្បាស់លាស់មួយចំនួន និងការអះអាងមិនពិត ឬបំផ្លើសមួយចំនួន ដែលលោក ត្រាំ តែងតែធ្វើរាប់សិបដងមកហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: