អន្តរជាតិ

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែននិយាយថា ទង្វើមិនទទួលខុសត្រូវរបស់យោធារុស្ស៊ីនៅរោងចក្រ Chernobyl នឹងបង្កឱ្យមានហានិភ័យនៃការសាយភាយវិទ្យុសកម្មពេញទ្វីបអឺរ៉ុប

BY
autoadmin
March 28, 2022

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានចោទប្រកាន់ថា ទង្វើមិនទទួលខុសត្រូវជុំវិញរោងចក្រថាមពល Chernobyl ដែលយោធារុស្ស៊ីកំពុងកាន់កាប់ អាចនឹងធ្វើឱ្យសាយភាយវិទ្យុសកម្មពាសពេញទ្វីបអឺរ៉ុប ហើយបានជំរុញឱ្យអង្គការសហប្រជាជាតិបញ្ជូនបេសកកម្ម ដើម្បីវាយតម្លៃពីហានិភ័យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ឧបនាយករដ្ឋមន្រ្ដីលោកស្រី Iryna Vereshchuk បាននិយាយថា រុស្ស៊ីកំពុងបង្កើនសមត្ថភាពយោធា នៅក្នុងតំបន់ហាមឃាត់នៅជុំវិញរោងចក្រ ដែលជាទីតាំងនៃឧបទ្ទវហេតុនុយក្លេអ៊ែរស៊ីវិលដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងឆ្នាំ១៩៨៦។

លោកស្រីបាននិយាយថា យោធារុស្ស៊ីកំពុងដឹកជញ្ជូនអាវុធចាស់ៗ និងអាវុធជួសជុល ដែលបង្កើនហានិភ័យនៃការខូចខាតដល់កុងតឺន័រ ដែលបានសាងសង់នៅជុំវិញម៉ាស៊ីនរ៉េអាក់ទ័រទី៤ ដែលកំពុងខូចស្រាប់ ខណៈ​យោធា​រុ​ស្ស៊ី​កំពុង​រារាំង​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ​ពី​ការ​គ្រប់គ្រង​ភ្លើង​ដ៏​ច្រើន​នៅ​ក្នុង​តំបន់។ លោកស្រី Vereshchuk បាននិយាយថា ការខូចខាតដល់បន្ទប់កុងតឺន័រ ដែលសាងសង់ឡើងដោយការផ្តល់ហិរញ្ញប្បទានរបស់អឺរ៉ុប នឹងជៀសមិនរួចពីការឈានទៅដល់ការសាយភាយវិទ្យុសកម្ម និងការបំពុលក្នុងបរិមាណច្រើន ដែលមិនត្រឹមតែប៉ះពាល់នៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសអឺរ៉ុបផ្សេងទៀតផងដែរ។

លោកស្រីបាននិយាយថា ប្រទេសរុស្ស៊ីកំពុងមិនអើពើនឹងហានិភ័យទាំងនេះ ដោយបានបន្តដឹកជញ្ជូនអាវុធនៅក្នុងតំបន់ក្បែរស្ថានីយ។ រំលឹកដែរថា អគ្គិភ័យ និងការផ្ទុះនៅឆ្នាំ១៩៨៦ នៅក្នុងរ៉េអាក់ទ័រទី៤ របស់ Chernobyl បានបញ្ជូនវិទ្យុសកម្មទៅឆ្ងាយ រហូតដល់ប្រទេសអង់គ្លេស និងអេស្ប៉ាញ ខណៈវិទ្យុសកម្ម​ដែល​វា​បាន​បញ្ចេញ បានធ្វើឱ្យមានការស្លាប់រាប់ពាន់ករណី។ ចាប់តាំងពីពេលនោះមក រ៉េអាក់ទ័រ​ទាំងអស់​របស់​វា​ឥឡូវ​ត្រូវ​បានបិទ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: