តារាសម្ដែងលោក Will Smith បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅលើឆាកពានរង្វាន់ Oscar ភ្លាមៗបន្ទាប់ពីបុគ្គលនោះបានលេងសើចលើស្ថានភាពរបស់ប្រពន្ធគាត់
- BY
- autoadmin
- March 28, 2022
កម្មវិធីពានរង្វាន់ Oscar កំពុងប្រឈមនឹងរឿងអាស្រូវដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត ៩៤ ឆ្នាំរបស់ខ្លួន បន្ទាប់ពីតារាសម្ដែងដ៏ល្បីគឺលោក Will Smith បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅចំពោះមុខមហាជន និងតារាកិត្តិយសដទៃទៀត ភ្លាមៗក្រោយពេលលោក Chris Rock បាននិយាយលេងសើចលើការកោរសក់របស់ប្រពន្ធគាត់។ ប្រភព BBC បាននិយាយថា លោក Chris Rock ដែលកំពុងធ្វើជាពិធីករនៅលើឆាកពានរង្វាន់ Oscar បាននិយាយថា៖«Jada, ខ្ញុំមិនអាចរង់ចាំរឿង GI Jane ភាគ ២ បានទេ»។ គាត់បាននិយាយបែបនេះ គឺនៅក្នុងន័យលេងសើចទៅលើការកោរសក់របស់នាង Jada Pinkett Smith ខណៈដែលនាងកំពុងមានជំងឺ alopecia ដែលធ្វើឱ្យមានការជ្រុះសក់ធ្ងន់ធ្ងរ។

ក្រោយឮលោក Rock និយាយលេងសើចបែបនោះ លោក Smith បានដើរឡើងលើឆាក (មើលដំបូងស្មានថាគាត់មិនបានខឹងអ្វីឡើយ) ហើយក៏បានទះលោក Rock មួយកំផ្លៀងតែម្ដង មុនពេលដើរត្រឡប់មកកន្លែងអង្គុយវិញ ហើយស្រែកថា «កុំនិយាយឈ្មោះប្រពន្ធរបស់ខ្ញុំចេញពីមាត់សំអុយរបស់អ្នក»។ ជម្រាបផងដែរថា GI Jane គឺជាខ្សែភាពយន្តឆ្នាំ១៩៩៧ ដែលសម្ដែងដោយនាង Demi Moore ហើយក្នុងរឿងនោះផងដែរ គឺនាងបានកោរសក់។ ដូច្នេះហើយវាហាក់ដូចជា លោក Rock លេងសើចទៅលើការកោរសក់នោះ ទាំងដែលការពិតគឺភរិយារបស់លោក Smith កំពុងមានជំងឺ ដែលមិនអាចទុកសក់បាន។
នៅក្នុងយប់ដដែលនោះ លោក Will Smith ក៏បានឈ្នះពានរង្វាន់ Oscar ដំបូងបំផុតនៅក្នុងអាជីពសម្ដែងរបស់គាត់ ដោយគាត់បានឈ្នះពានរង្វាន់ជាតារាសម្តែងល្អបំផុត សម្រាប់ការសម្ដែងនៅក្នុងរឿង King Richard ។ លោក Smith បាននិយាយទាំងទឹកភ្នែកនៅពេលទទួលពាន Oscar ដំបូងរបស់គាត់ថា៖«ខ្ញុំចង់សុំទោស Academy។ ខ្ញុំចង់សុំទោសដល់ភ្ញៀវកិត្តិយសទាំងអស់»។ លោកបន្ដថា៖«សិល្បៈគឺជាការធ្វើត្រាប់តាមជីវិត។ ខ្ញុំមើលទៅដូចជាឪពុកឆ្កួត ដូចគេនិយាយអំពី Richard Williams។ ប៉ុន្តែស្នេហានឹងធ្វើឱ្យអ្នកធ្វើរឿងឆ្កួតៗ»។
យ៉ាងណាក៏ដោយលោក Chris Rock មិនបានដាក់ពាក្យបណ្ដឹងចំពោះការប្រើហិង្សារបស់លោក Will Smith នោះទេ ប៉ុន្តែខាងកម្មវិធីពានរង្វាន់ Oscar ទំនងជានឹងមិនលើកលែងទង្វើរបស់លោក Smith ឡើយ ហើយក៏ទំនងជានឹងយកពានរបស់លោក Smith ត្រឡប់មកវិញផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






