គិតមកទល់ពេលនេះ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យពលរដ្ឋប្រមាណ ៥,០០០ នាក់ នៅទីក្រុង Mariupol បានបាត់បង់ជីវិត និង ១៧០,០០០ នាក់ កំពុងនៅជាប់គាំង
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនរាយការណ៍ថា អភិបាលក្រុង Mariupol បានអះអាងថា មនុស្សប្រហែល ៥,០០០ នាក់ ត្រូវបានបាត់បង់ជីវិតនៅទីនោះ ចាប់តាំងពីកងទ័ពរុស្ស៊ីបានឡោមព័ទ្ធទីក្រុង ដែលនៅភាគខាងកើតអ៊ុយក្រែនមួយនេះ។ អភិបាលក្រុងលោក Vadym Boichenko បាននិយាយនៅក្នុងសេចក្តីរាយការណ៍កាលពីថ្ងៃចន្ទថា អ្នកស្លាប់រួមមានកុមារចំនួន ២១០នាក់ ហើយលោកអភិបាលក្រុងបានបន្ថែមថា ពលរដ្ឋប្រហែល ៣០,០០០ នាក់ ត្រូវបានបង្ខំឱ្យរត់ទៅប្រទេសរុស្ស៊ី។

គាត់ក៏បានរាយការណ៍ថា មនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីទីក្រុង ដោយបន្សល់ទុក ១៧០,០០០ នាក់ ផ្សេងទៀត នៅជាប់គាំងនៅទីនោះ គិតត្រឹមថ្ងៃអាទិត្យ។ របាយការណ៍ពីទីក្រុងក៏បានពន្យល់ផងដែរថា ៩០% នៃអគារនៅ Mariupol ត្រូវបានខូចខាត ហើយជាង ៤០% ត្រូវបានបំផ្លាញ។ របាយការណ៍បាននិយាយថា សាលារៀនចំនួន ៥៧ និងសាលាមត្តេយ្យចំនួន ៧០ ក៏ដូចជាស្ថាប័នវេជ្ជសាស្រ្តមួយចំនួនត្រូវបានខូចខាត៕


អត្ថបទ៖ លីដា
ប្រភព៖ NHK