អន្តរជាតិ

អាជ្ញាធរថៃបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន ត្រូវត្រួតពិនិត្យយន្តហោះ Boeing 737-800 របស់ពួកគេទាំងអស់ បន្ទាប់ពីឧប្បត្តិហេតុធ្លាក់យន្ដហោះនៅក្នុងប្រទេសចិន

BY
autoadmin
March 29, 2022

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បាននិយាយថា ខ្លួននឹងជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៥ ដែលប្រតិបត្តិការយន្តហោះម៉ូដែល Boeing 737-800 ដើម្បីធ្វើការត្រួតពិនិត្យ និងតាមដានប្រតិបត្តិការហោះហើរឱ្យបានដិតដល់ បន្ទាប់ពីបានទទួលដំណឹងពីការធ្លាក់យន្តហោះ Boeing របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines កាលពីពេលថ្មីៗនេះ។ រំលឹកដែរថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបញ្ឈប់ជាបន្ទាន់នូវរាល់យន្តហោះម៉ូដែល Boeing 737-800 ចំនួន ១០៦ គ្រឿងរបស់ខ្លួន បន្ទាប់ពីឧប្បត្តិហេតុពាក់ព័ន្ធនឹងជើងហោះហើរលេខ 5735 ។

លោក Suttipong Kongpool អគ្គនាយក CAAT បាននិយាយថា ការបង្គាប់នេះនឹងត្រូវដាក់ចេញទៅកាន់ក្រុមហ៊ុន Nok Air, Thai Lion Air, K-Mile Air, Thai Airways International និង Thai Summer Airways ដើម្បីធ្វើការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ លើយន្តហោះ Boeing 737-800 ទាំង ២៦ គ្រឿង របស់ពួកគេ។

យោងតាមលោក Suttipong បានឱ្យដឹងថា យន្តហោះប្រតិបត្តិការទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព និងទទួលបានវិញ្ញាបនបត្រឱ្យបានត្រឹមត្រូវ ដោយបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែជូនដំណឹងជាបន្ទាន់ដល់ CAAT ប្រសិនបើពួកគេរកឃើញបញ្ហាបច្ចេកទេសណាមួយ។ លើសពីនេះ អគ្គនាយក CAAT បានផ្តល់យោបល់ថា ឧបទ្ទវហេតុនាពេលថ្មីៗនេះ អាចបណ្តាលមកពីបញ្ហាបច្ចេកទេស មិនមែនដោយសារតែម៉ូដែលរបស់យន្ដហោះ ដូចករណីរបស់ 737 Max នោះទេ ព្រោះថា 737-800 បានដំណើរការជិត ២ ទសវត្សរ៍មកហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: