ថៃសម្រេចជាផ្លូវការហាមមិនឲ្យពលរដ្ឋលេងបាញ់ទឹកដាក់គ្នាក្នុងពេលបុណ្យសង្ក្រាន្តថៃ
- BY
- Pheakdey
- March 29, 2022
ថៃ៖ អាជ្ញាធរថៃបានសម្រេចធ្វើការហាមឃាត់មិនឲ្យមានការលេងចាក់ទឹកនិងបាញ់ទឹកដាក់គ្នានៅលើដងផ្លូវ Khaosan ក្នុងក្រុងបាងកកក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃដែលនឹងរៀបចំឡើងនៅក្នុងខែមេសាខាងមុខនេះទេ ខណៈនាពេលកន្លងមកផ្លូវដ៏មមាញឹកមួយនេះគឺជាតំបនទេសចរណ៍សម្រាប់ពលរដ្ឋថៃនិងជនបរទេសយ៉ាងមានសក្តានុពលជាទីបំផុត។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ការហាមឃាត់នេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការររាត្បាតនៃជំងឺកូវីដ-១៩។

គួររម្លឹកជូនថា នាពេលកន្លងមកអាជ្ញាធរថៃធ្លាប់បានជូនដំណឹងមិនឲ្យពលរដ្ឋខ្លួនលេងជះទឹកនិងលាបម្សៅដាក់គ្នាម្តងរួចហើយ តែអាជ្ញាធរហាក់នៅមានភាពស្ទាក់ស្ទើរចំពោះការអនុវត្តការហាមឃាត់នេះនៅចំណុចផ្លូវ Khaosan ព្រោះតាមធម្មតាសកម្មភាពកំសាន្តនៅតំបន់នេះអាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិបានច្រើនខ្លាំងណាស់។ បន្ថែមពីការជូនដំណឹងអំពីការហាមឃាត់ខាងលើនេះ អាជ្ញាធរថៃក៏បានអំពាវនាវឲ្យពលរដ្ឋត្រូវចេះការពារខ្លួនឲ្យបានខ្ពស់ក្នុងអំឡុងពេលនៃពិធីបុណ្យសង្ក្រាន្តថៃ ដូចជារក្សាអនាម័យឲ្យបានជាប់ជាប្រចាំ ត្រូវជួបជុំគ្នានៅកន្លែងមានខ្យល់ចេញចូលគ្រប់គ្រាន់ ត្រូវធ្វើតេស្តដោយខ្លួនឯងទាំងមុននិងក្រោយពេលបានជួបជុំសាច់ញាតិនៅតាមបណ្តាខេត្ត ហើយពលរដ្ឋវ័យចំណាស់ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានមុនពេលដែលបុណ្យសង្រ្កាន្តចូលមកដល់៕

អត្ថបទ៖ ភក្តី
ប្រភព៖ National Thailand
- Share This Post:






