វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅប្រទេសថៃចំនួន ៤ កំពុងត្រៀមខ្លួនស្វែងរកការអនុម័តពីរដ្ឋបាលចំណីអាហារនិងឱសថថៃ
- BY
- autoadmin
- March 29, 2022
ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៤ ដែលផលិតនៅប្រទេសថៃ នឹងត្រូវបញ្ជូនទៅរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ដើម្បីអនុម័តក្នុងពេលឆាប់ៗនេះ ប្រសិនបើការសាកល្បងលើមនុស្សបន្តទទួលបានជោគជ័យ។ យោងតាមទំព័រហ្វេសប៊ុក Thai Roo Soo Covid (Thais Know, Fight Covid) របស់ក្រសួងបានឱ្យដឹងថា បច្ចុប្បន្ននេះវ៉ាក់សាំងប្រហែល ២០ កំពុងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃ ជាមួយនឹងចំនួន ៤ នៅដំណាក់កាលកាន់តែជឿនលឿន។ វ៉ាក់សាំងទាំង ៤ នោះមានដូចជា៖ Chula-Cov19, HXP-GPOVac, Baiya SARS-CoV-2 Vax និង Covigen ហើយក៏កំពុងត្រូវបានធ្វើតេស្តលើមនុស្សផងដែរ។ នៅពេលដែលពួកគេឆ្លងកាត់ដំណាក់កាលទី៣ នៃការសាកល្បងព្យាបាល វ៉ាក់សាំងទាំងនោះនឹងត្រូវបានចុះបញ្ជីជាមួយ FDA ។

វ៉ាក់សាំង Chula-Cov19 បង្កើតឡើងដោយសាកលវិទ្យាល័យ Chulalongkorn និងប្រើប្រាស់បច្ចេកវិទ្យា mRNA ដូចគ្នាទៅនឹងវ៉ាក់សាំង Pfizer-BioNTech និង Moderna។ វ៉ាក់សាំង HXP-GPOVac គឺជាវ៉ាក់សាំងអសកម្មដែលផ្សាំនៅក្នុងស៊ុត ទៅតាមវិធីសាស្ត្រផលិតដូចគ្នា ដែលប្រើសម្រាប់វ៉ាក់សាំងផ្តាសាយ។ វ៉ាក់សាំង Baiya គឺជាវ៉ាក់សាំងប្រូតេអ៉ីន ដែលប្រើប្រាស់សារធាតុចម្រាញ់ពីថ្នាំជក់ ហើយត្រូវបានកែច្នៃតាមហ្សែន ដែលជំរុញការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយប្រឆាំងនឹង COVID-19។ ចំណែក Covigen គឺជាវ៉ាក់សាំងដែលមានមូលដ្ឋានលើហ្សែន និងជាប្រភេទបាញ់ចូលសាច់ (jet injector) ដែលនឹងបញ្ជូនស្ទ្រីមទឹករបស់វ៉ាក់សាំង ចូលទៅក្រោមស្បែកដោយមិនចាំបាច់ប្រើម្ជុល។
វ៉ាក់សាំងដែលផលិតដោយប្រទេសថៃផ្សេងទៀត បច្ចុប្បន្នកំពុងត្រូវបានធ្វើតេស្តលើសត្វ – រួមទាំងប្រភេទ viral vector, ប្រូតេអ៉ីនរង និងវ៉ាក់សាំងភាគល្អិតដូចមេរោគ (VLP) ។ វ៉ាក់សាំងទាំងនេះកំពុងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានជាតិវ៉ាក់សាំង អង្គការឱសថរដ្ឋាភិបាល ទីភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ មជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងបច្ចេកវិទ្យាជីវសាស្ត្រ (Biotech) សាកលវិទ្យាល័យ Chulalongkorn សាកលវិទ្យាល័យ Mahidol និងក្រុមហ៊ុនឯកជន៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






