ចក្រភពអង់គ្លេសនឹងធ្វើតេស្តថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer លើអ្នកជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យរបស់ខ្លួន
- BY
- autoadmin
- March 30, 2022
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer នឹងត្រូវវាយតម្លៃថា ជាថ្នាំគ្រាប់ដ៏មានសក្តានុពលមួយសម្រាប់អ្នកជំងឺ COVID-19 ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅក្នុងការសាកល្បងសំខាន់មួយរបស់ចក្រភពអង់គ្លេស។ ការសិក្សាដោយចៃដន្យដ៏ធំបំផុតរបស់ពិភពលោក អំពីឱសថសក្តានុពលសម្រាប់ព្យាបាលជំងឺ COVID-19 ដែលត្រូវបានគេហៅថា «RECOVERY» នឹងវាយតម្លៃលើថ្នាំគ្រាប់ Paxlovid របស់ Pfizer ដោយពួកគេនឹងដាក់ឱ្យប្រើប្រាស់ថ្នាំនេះនៅទូទាំងមន្ទីរពេទ្យក្នុងប្រទេសអង់គ្លេស ខណៈដែលថ្នាំនេះផ្ទាល់ក៏ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការព្យាបាលដំណាក់កាលដំបូងរួចហើយដែរ។

លោក Peter Horby សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Oxford និងជាប្រធានផ្នែកស៊ើបអង្កេតរួមនៃការសាកល្បង RECOVERY បាននិយាយថា៖«Paxlovid គឺជាថ្នាំប្រឆាំងមេរោគដ៏ជោគជ័យ ប៉ុន្តែយើងមិនដឹងថា តើវាអាចធ្វើឱ្យប្រសើរឡើងនូវការរស់រានមានជីវិតរបស់អ្នកជំងឺដែលមានជំងឺ COVID-19 ធ្ងន់ធ្ងរ ឬអត់»។ អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេមានបំណងស្វែងរកជាចម្បងថាតើ Paxlovid របស់ Pfizer កាត់បន្ថយហានិភ័យនៃការស្លាប់ក្នុងចំណោមអ្នកជំងឺ ដែលចូលមន្ទីរពេទ្យដោយសារ COVID-19 ដែរ ឬទេ។
កាលពីដើមឆ្នាំនេះ អង់គ្លេសក៏បានសាកល្បងថ្នាំគ្រាប់មកពីក្រុមហ៊ុន Merck សម្រាប់អ្នកជំងឺ COVID-19 ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ពួកគេបានបន្ថែមថា RECOVERY ដែលដឹកនាំដោយសាកលវិទ្យាល័យ Oxford ក៏នឹងធ្វើការស៊ើបអង្កេត ថាតើ Paxlovid អាចកាត់បន្ថយរយៈពេលស្នាក់នៅក្នុងមន្ទីរពេទ្យ ឬកាត់បន្ថយតម្រូវការជំនួយដង្ហើមបានប៉ុនណា។ គួរឱ្យដឹងដែរថា Paxlovid គឺជាផ្នែកមួយនៃក្រុមថ្នាំដែលហៅថា protease inhibitors ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលមេរោគអេដស៍ ជំងឺរលាកថ្លើមប្រភេទ C ក៏ដូចជាមេរោគដទៃទៀត ហើយមានប្រសិទ្ធភាពដោយការបញ្ឈប់មេរោគពីការចម្លង៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






