អន្តរជាតិ

ថៃគ្រោងទិញថ្នាំកូវីដប្រភេទ Favipiravir ៧៥លានគ្រាប់ក្រោយពេលបុណ្យសង្ក្រាន្តរួច

BY
Pheakdey
March 30, 2022

ថៃ៖ ក្រសួងសុខាភិបាលថៃបានឲ្យដឹង​កាលពីថ្ងៃអង្គារ ទី២៩ ខែមីនាម្សិលមិញថា គិតត្រឹមពេលនេះប្រទេសថៃមានថ្នាំលេបប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ Favipiravir  នៅក្នុងស្តុកគ្រប់គ្រា​ន់សម្រាប់ធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវការ ខណៈអាជ្ញាធរថៃក៏កំពុងតែបញ្ជាទិញថ្នាំប្រភេទនេះជាច្រើនគ្រាប់បន្ថែមទៀតផងដែរដើម្បីទុកប្រើប្រាស់នៅក្រោយពេលបិទបញ្ចប់នៃពិធីបុណ្យសង្រ្កាន្តថៃ។ បើតាមលោក Sirikul Matevelungsun ដែលជានាយកគ្រប់គ្រងនៃស្ថាប័នឱសថស្ថានរដ្ឋថៃបានបញ្ជាក់ថា ក្នុងអំឡុងពេលនេះអាជ្ញាធរថៃបានកំពុងតែធ្វើការចែកចាយថ្នាំ Favipiravir  ចំនួន ៨០លានគ្រាប់ទៅតាមមន្ទីរពេទ្យសំខាន់ៗនៅក្នុងប្រទេសថៃ។

លោកបានបន្តថា នៅពាក់កណ្តាលខែមេសាខាងមុខនេះអាជ្ញាធរថៃនឹងធ្វើការចែកចាយថ្នាំ Favipiravir  ចំនួន ៣០លានគ្រាប់បន្ថែមទៀត ខណៈថ្នាំទាំង ៣០លានគ្រាប់នេះគឺកំពុងមានក្នុងស្តុកនៅប្រទេសថៃរួចស្រាប់ទៅហើយ។ លោក Sirikul Matevelungsun បានបន្ថែមទៀតថា ក្រោយពេលចូលឆ្នាំថៃរួចអាជ្ញាធរសុខាភិបាលក៏គ្រោងនឹងបញ្ជាទិញថ្នាំ Favipiravir ចំនួន ៧៥លានគ្រាប់បន្ថែមទៀតផងដែរ ដូចនេះហើយទើបលោកហ៊ានអះអាងថា​ ថៃមានថ្នាំលេបប្រឆាំងជំងឺកូវីដ-១៩ គ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍ 

 

Share This Post: