អន្តរជាតិ

ឥណ្ឌូនេស៊ីស្នើឲ្យមានការផ្តល់ជំនួយវ៉ាក់សាំងកូវីដ ដែលមានអាយុកាលប្រើប្រាស់វែង ក្រោយរកឃើញវ៉ាក់សាំងជាង ១០លានដូសបានហួសសុពលនៃការប្រើប្រាស់

BY
Pheakdey
March 31, 2022

ឥណ្ឌូនេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងកាលពីថ្ងៃពុធ ទី៣០ ខែមីនា ម្សិលមិញថា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៩លានដូសដែលកំពុងមាននៅស្តុកក្នុងប្រទេសឥណ្ឌូនេស៊ីបានហួសកាលបរិច្ឆេតនៃការប្រើប្រាស់ហើយ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន​​ Channel News Asia  បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំង ៩លានដូសនោះគឺជាវ៉ាក់សាំងជំនួយ ដែលមានសុពលភាពនៃប្រើប្រាស់ក្នុងរយៈពេលខ្លី ពោលគឺកាលបរិច្ឆេតនៃការប្រើប្រាស់របស់ពួកវាមានរយៈពេលខ្លីតាំងពីពេលផលិតមកម្លេះ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥណ្ឌូនេស៊ីនៅមានវ៉ាក់សាំងដែលមានសុពលភាពនៃការប្រើប្រាស់ខ្លីចំនួន ១,៥លានដូសទៀត ហើយពួកវានឹងត្រូវខូចប្រើលែងកើតនៅខែក្រោយនេះផងដែរ។ ក្រោយជួបប្រទះបញ្ហាដូចបានជម្រាបជូនខាងលើនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានជូនដំណឹងទៅកាន់កម្មវិធីផ្តល់វ៉ាក់សាំងសកល COVAX និងបានស្នើសុំឲ្យផ្តល់ជំនួយវ៉ាក់សាំងណាដែលមានអាយុកាលនៃការប្រើប្រាស់វែងមកកាន់ឥណ្ឌូនេស៊ី ព្រោះបើផ្តល់ជូនវ៉ាក់សាំងដែលមានអាយុកាលខ្លីគឺឥណ្ឌូនេស៊ីមិនអាចប្រើប្រាស់ទាន់ពេលវេលានោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: