អន្តរជាតិ

នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា លោក​ប្រឹងប្រែងធ្វើ​ការអស់​ពី​សមត្ថភាពហើយ​ ប៉ុន្តែមិន​អាច​ផ្គាប់​ចិត្ត​អ្នក​រាល់​គ្នា​បាន​ទេ

BY
autoadmin
March 31, 2022

នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា បាន​និយាយ​ថា លោក​បាន​ធ្វើ​ឱ្យអស់​ពី​សមត្ថភាពរបស់លោកហើយ​ ប៉ុន្តែលោកក៏មិន​អាច​ផ្គាប់​ចិត្ត​អ្នក​រាល់​គ្នា​បាន​ឡើយ។ លោក​​បាន​និយាយ​ថា លោក​នឹង​គោរព​​ការសម្រេច​ចិត្ត​របស់ម្ចាស់ឆ្នោតនៅក្នុង​ការ​បោះឆ្នោត​ខាង​មុខនេះ មិន​ថា​លទ្ធផលចេញមក​យ៉ាងណា​នោះ​ទេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលកាលពីថ្ងៃពុធ លោក ប្រាយុទ្ធ បាននិយាយថា៖«ខ្ញុំកំពុងព្យាយាមធ្វើការងាររបស់ខ្ញុំឱ្យអស់ពីសមត្ថភាព។ ទោះបីជាមានការរិះគន់ និងការប្រមាថមកលើរូបខ្ញុំក៏ដោយ ខ្ញុំមិនប្រកាន់ចំពោះនរណាម្នាក់ឡើយ… ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកគ្រប់គ្នាបានទេ ប៉ុន្តែខ្ញុំត្រូវតែធ្វើសកម្មភាព ដើម្បីផលប្រយោជន៍របស់មនុស្សភាគច្រើន។ បើមានឱកាស ខ្ញុំនឹងបន្ត។ បើមិនអញ្ចឹងទេ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ។ ប៉ុណ្ណឹងឯង។»

ទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ច មកពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង និងបន្ថែមសម្ពាធដែលកំពុងមានស្រាប់ពីការរាតត្បាតជំងឺ COVID-19 នៅក្នុងប្រទេសថៃ លោក ប្រាយុទ្ធ បាននិយាយថា៖«រដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយបញ្ហា ទោះបីជាយើងប្រហែលជាមិនទាន់សម្រេចបាន ១០០% នៃគោលដៅរបស់យើង ហើយមិនមែនគ្រប់គ្នាពេញចិត្តនឹងវានោះទេ។ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា វិបត្តិនេះគឺមិនធ្លាប់មានពីមុនមក។ នេះ​ត្រូវ​តែ​ត្រូវ​យក​មក​ពិចារណា  ហើយ​រដ្ឋាភិបាល​គួរ​តែ​ទទួល​បាន​ការ​យោគយល់»។ លោកដឹងថា ពលរដ្ឋមិនពេញចិត្តនឹងស្ថានភាពសព្វថ្ងៃ ប៉ុន្តែលោកនឹងបន្តយុទ្ធនាការស្ទង់មតិតាមផ្ទះ ដោយនិយាយថា លោកនឹងទៅសួរសុខទុក្ខមនុស្សកាន់តែច្រើន ដើម្បីផ្តល់ការគាំទ្រខាងសីលធម៌ដល់ពួកគេ ទោះបីជាពួកគេចូលចិត្ត ឬមិនចូលចិត្តលោកក៏ដោយ។

រំលឹកដែរថា កាលពីដើមសប្តាហ៍នេះ លោក ប្រាយុទ្ធ បានច្រានចោលលទ្ធផលនៃការស្ទង់មតិថ្មីៗ របស់វិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៍ (NIDA) ទាក់ទងនឹងបេក្ខជនដែលមានសក្តានុពលនៅក្នុងប្រទេស។ ការស្ទង់មតិរបស់ NIDA បានបង្ហាញថា ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចកំពុងធ្លាក់ចុះ។ លោក ប្រាយុទ្ធ បានទទូចថា គាត់ធ្វើបានល្អ ហើយរដ្ឋាភិបាលក៏ស្ថិតនៅក្រោមការដឹកនាំរបស់គាត់ដែរ ប៉ុន្តែ​សាធារណជន​ដែល​បោះ​ឆ្នោត​ហាក់យល់ខុស​។ យោងតាមការស្ទង់មតិសម្រាប់តំណែងនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ត្រូវបាននាំមុខដោយលោក Pita Limjaroenrat ដែលជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ ដោយសំឡេង ១៣.៤២% ទល់នឹង ១២.៦៧% ។ ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចបានធ្លាក់ចុះនៅត្រឹមជាង ១៧% នៅក្នុងខែធ្នូ ខណៈពេលដែលជិត ២៨% នៃអ្នកបោះឆ្នោតគិតថា គ្មានឈ្មោះណាមួយនៅក្នុងបញ្ជីបេក្ខភាព ស័ក្តិសមសម្រាប់ការងារដឹកនាំប្រទេសនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: