អន្តរជាតិ

ចិនបន្តបិទខ្ទប់តំបន់សំខាន់ៗក្នុងក្រុងសៀងហៃ ខណៈតួលេខអ្នកឆ្លងកូវីដកើនឡើង ៣ដង

BY
Pheakdey
March 31, 2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរចិនបានបន្តធ្វើការបិទខ្ទប់តំបន់សំខាន់ៗជាច្រើនបន្ថែមទៀតនៅក្នុងទីក្រុងសៀងហៃដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ខណៈគិតត្រឹមពេលនេះវិធានការបិទខ្ទប់ក្រុងសៀងហៃដំណាក់កាលទី ១ បានឈានចូលមកដល់ថ្ងៃទី ៤ ហើយ។ យ៉ាងណាក្តី លទ្ធផលនៃការអនុវត្តវិធានការបិទខ្ទប់នេះបានបង្ហាញឡើងក្នុងរូបភាពមួយខុសពីការរំពឹងទុកយ៉ាងខ្លាំង ពោលគឺតួលេខអ្នកឆ្លងថ្មីនៅក្នុងទីក្រុងហិរញ្ញវត្ថុដ៏សំខាន់របស់ចិនមួយនេះបានកើនឡើងគុណនឹង ៣ បើធៀបទៅនឹងរយៈពេលកន្លងមក។

គួររម្លឹកជូនថា សៀងហៃជាក្រុងដែលមានពលរដ្ឋកំពុងរស់នៅប្រមាណជា ២៦លាននាក់ ហើយតាមគម្រោងគឺអាជ្ញាធរចិននឹងមានការបិទខ្ទប់ក្រុងមួយនេះជាពី ២ដំណាក់កាល ដើម្បីធ្វើតេស្តទ្រង់ទ្រាយធំ ចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងគោលបំណងកាត់ផ្តាច់ប្រភពនៃការចម្លងមេរោគ។ នៅក្នុងដំណាក់កាលទី ១គឺអាជ្ញាធរចិននឹងធ្វើការបិទខ្ទប់តំបន់នៅតាមបណ្ដោយទន្លេ Huangpu ក្នុងរយៈពេល ៩ថ្ងៃដោយគិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបន្ទាប់មកនឹងបន្តបិទខ្ទប់តំបន់ភាគលិចទន្លេ Huangpu ក្នុងរយៈ ៥ថ្ងៃ ដែលជាការបិទខ្ទប់ដំណាក់កាលទី ២។ សូមបញ្ជាក់ជូនផងដែរថា នៅថ្ងៃពុធ ទី៣០ ម្សិលមិញនេះអាជ្ញាធរចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ៥,៦៥៦នាក់ ដែលជាចំនួនអ្នកឆ្លងដ៏ច្រើនមួយសម្រាប់ចិនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: