អន្តរជាតិ

សហរដ្ឋ​អាមេរិក​គ្រោង​នឹងបញ្ចេញប្រេងចំនួន ១៨០ លានបារ៉ែល ក្នុងប៉ុន្មានខែខាងមុខនេះ ដើម្បីកាត់បន្ថយតម្លៃប្រេងដែលកំពុងឡើងថ្លៃខ្លាំង

BY
autoadmin
March 31, 2022

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍មក​ថា ​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ចាត់​វិធានការ​ថ្មី​ ដើម្បី​បញ្ចុះ​តម្លៃ​ប្រេងដែលកំពុងឡើងថ្លៃ​ខ្លាំង ក្នុងប៉ុន្មានរយៈពេលចុងក្រោយនេះ។ រដ្ឋបាលរបស់លោក បៃដិន ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការបញ្ចេញប្រេងរហូតដល់ ១៨០ លានបារ៉ែល ក្នុងប៉ុន្មានខែខាងមុខនេះ ពីឃ្លាំងប្រេងបម្រុង Strategic Petroleum Reserve របស់ខ្លួន។ ប្រសិនបើវាត្រូវបានបញ្ជាក់មែននោះ វានឹងក្លាយជាការបញ្ចេញប្រេងដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីប្រេងបំរុងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។

ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានក្លាយជាបញ្ហានយោបាយដ៏សំខាន់នៅក្នុងសហរដ្ឋអាមេរិក មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្នុងខែវិច្ឆិកាឈានជិតមកដល់។ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម សេតវិមានបាននិយាយថា លោក ចូ បៃដិន នឹងថ្លែងសុន្ទរកថានៅម៉ោង ១៣:៣០ នាទី ម៉ោងក្នុងស្រុក (១៧:៣០ GMT) នៅថ្ងៃព្រហស្បតិ៍នេះ ស្តីពី «សកម្មភាពរបស់រដ្ឋបាលរបស់គាត់ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការឡើងថ្លៃតម្លៃថាមពល ដោយសារប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងបញ្ចុះតម្លៃហ្គាស់  សម្រាប់​គ្រួសារ​ជនជាតិ​អាមេរិក​»​។ ជម្រាបដែរថា សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​អង្រួន​ទីផ្សារ​ថាមពល​ពិភពលោក នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​ជុំវិញ​ក្តី​បារម្ភ​ថា​ ការ​ផ្គត់ផ្គង់​ថាមពលទាំងនោះនឹង​ត្រូវ​កាត់​ផ្ដាច់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: