អន្តរជាតិ

លោក វ្ល៉ាឌីមៀ ពូទីន បានចេញក្រឹត្យថ្មីមួយ ដើម្បីឱ្យប្រទេសអមិត្តត្រូវបង់ជាប្រាក់រូប (Ruble) សម្រាប់ការទិញឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី

BY
autoadmin
April 1, 2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលទាមទារឱ្យប្រទេស «អមិត្ត» ត្រូវបង់ប្រាក់សម្រាប់ការនាំចេញឧស្ម័នធម្មជាតិពីប្រទេសរបស់គាត់ជាប្រាក់រូប (Ruble) ចាប់ពីថ្ងៃទី១ ខែមេសា តទៅ។ បញ្ជី​ប្រទេស​អមិត្ត​របស់​រុស្ស៊ី​រួម​មាន៖ ​សហរដ្ឋ​អាមេរិក ប្រជាជាតិ​អឺរ៉ុប និង​ជប៉ុន។ លោក ពូទីន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចសន្យាដែលមានស្រាប់ក៏នឹងត្រូវបញ្ឈប់ ប្រសិនបើអ្នកទិញមិនធ្វើតាម។ ប៉ុន្តែតាមការអនុវត្តជាក់ស្តែង អ្នកទិញនៅតែអាចបង់ជារូបិយប័ណ្ណបរទេសបាន។ ក្រឹត្យនេះបានបញ្ជាក់ថា អ្នកទិញត្រូវតែបើកគណនីរូបិយប័ណ្ណបរទេស និងប្រាក់ «រូប» នៅធនាគារ Gazprombank របស់រុស្ស៊ី ដែលនឹងបំប្លែងការផ្ទេររូបិយប័ណ្ណបរទេសរបស់ពួកគេ ទៅជាប្រាក់ «រូប» ដើម្បីធ្វើការទិញ។

ការផ្លាស់ប្តូរនេះត្រូវបានគេជឿថា ជាការប៉ុនប៉ងធ្វើឱ្យប្រាក់ «រូប» ឥទ្ធិពលឡើងវិញ ខណៈដែលតម្លៃប្រាក់ «រូប» បាននឹងកំពុងធ្លាក់ចុះ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងតែង ពីសំណាក់ប្រទេសលោកខាងលិច ឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

អធិការបតីអាល្លឺម៉ង់ Olaf Scholz បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងកិច្ចសន្យាចាស់បានចែងថា ការទូទាត់ត្រូវបានធ្វើឡើងភាគច្រើនជាប្រាក់អឺរ៉ូ និងជួនកាលជាដុល្លារ ហើយប្រទេសរបស់គាត់ពឹងផ្អែកលើប្រទេសរុស្ស៊ី ស្ទើរតែពាក់កណ្ដាលលើការនាំចូលឧស្ម័នធម្មជាតិរបស់ខ្លួន។ លោក Scholz បាននិយាយថា រដ្ឋាភិបាលរបស់គាត់នឹងពិនិត្យយ៉ាងដិតដល់នូវចំណាត់ការរបស់ប្រធានាធិបតី ពូទីន ។ រដ្ឋមន្ត្រីថាមពលមកពីប្រទេស G7 កាលពីថ្ងៃចន្ទ បានច្រានចោលការទាមទាររបស់លោក ពូទីន សម្រាប់ការទូទាត់ជាប្រាក់រូប។ ពួក​គេ​បាន​យល់​ស្រប​ថា វា​ជា​ការ​បំពាន​យ៉ាង​ច្បាស់​លើ​កិច្ចសន្យា​ដែល​មាន​ស្រាប់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: