អន្តរជាតិ

ចិនកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តកូវីដថ្មីមួយដែលមានប្រសិទ្ធភាពខ្ពស់ជាងឧបករណ៍តេស្តរហ័សនិងត្រូវការពេលខ្លីជាងការធ្វើតេស្តដោយម៉ាស៊ីនធំ

BY
Pheakdey
April 1, 2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post  បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តចិនកំពុងតែអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ ថ្មីមួយ ដែលអាចផ្តល់លទ្ធផលលឿនជាងការធ្វើតេស្តដោយម៉ាស៊ីនធំ និងអាចផ្តល់លទ្ធផលជាក់លាក់ជាងការប្រើប្រាស់ឧបករណ៍តេស្តរហ័ស។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Wuhan បានបញ្ជាក់ថា ឧបករណ៍សម្រាប់ធ្វើតេស្តរកជំងឺកូវីដ-១៩ថ្មីនេះគឺជាប្រភេទឧបករណ៍ពិនិត្យសំណាកយកចេញពីបំពង់កអ្នកជំងឺ ហើយវាអាចផ្តល់លទ្ធផលក្នុងរយៈពេលក្រោម ២០នាទី។

ក្រុមអ្នកវិទ្យាសាស្រ្តបានបន្តថា ឧបករណ៍នេះនឹងត្រូវដាក់លក់ក្នុងតម្លៃថោកជាងឧបរកណ៍តេស្តរហ័សដែលគេកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ ខណៈវាមានសមត្ថភាពខ្ពស់ជាងឧបករណ៍តេស្តរហ័សក្នុងការបញ្ជាក់ថាសំណាកអ្នកជំងឺពិតជាវិជ្ជមានកូវីដ-១៩ឬក៏អត់។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តចិនបានបង្ហាញសុទិដ្ឋិនិយមថា ឧបរកណ៍តេស្តថ្មីនេះនឹងត្រូវបានគេប្រើប្រាស់ជំនួសឲ្យការធ្វើតេស្តដោយម៉ាស៊ីនធំនៅពេលអនាគត ហើយវានឹងជួយសម្រួលការងាររបស់ក្រុមបុគ្គលិកសុខាភិបាលចំពោះការងារកូវីដបានយ៉ាងច្រើនផងដែរ។ សូមបញ្ជាក់ជូនថា ឧបករណ៍តេស្តថ្មីនេះមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេ ហើយគិតត្រឹមពេលនេះវាកំពុងស្ថិតនៅក្នុងដំណាក់កាលពិសោធន៍នៅឡើយជាមួយលទ្ធផលដែលគេអាចជឿជាក់បានខ្ពស់បំផុត៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post 

Share This Post: