អន្តរជាតិ

កូវីដផ្ទុះពេក អាជ្ញាធរចិនប្រើឆ្កែយន្តឲ្យដើរផ្សព្វផ្សាយវិធានការសុខាភិបាលប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅក្រុងសៀងហៃ ខណៈក្រុងនេះកំពុងតែបិទខ្ទប់ (មានវីដេអូ)

BY
Pheakdey
April 1, 2022

ចិន៖ ឆ្កែយន្តដែលបានបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយត្រូវបានអាជ្ញាធរចិនយកទៅប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពក្នុងយុទ្ធការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងទីក្រុងសៀងហៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ឆ្កែយន្តត្រូវបានគេប្រទះឃើញអាជ្ញាធរចិនដាក់ពង្រាយនៅតាមទីប្រជុំជនសំខាន់ៗនៅក្នុងទីក្រុង ដោយនៅលើខ្នងនៃឆ្កែយន្តទាំងនោះមានបំពាក់នូវឧបករណ៍បំពងសំឡេងមួយផងដែរ ដើម្បីបន្លឺសំឡេងដែលមានខ្លឹមសារដាស់តឿនដល់ពលរដ្ឋគ្រប់រូបឲ្យចេះប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩។

ប្រភពខាងលើបានបន្តថា សំឡេងដែលគេអាចស្តាប់ឮចេញពីឧបករណ៍បំពងសំឡេងរបស់ឆ្កែយន្តនោះមានខ្លឹមសារដូចជា “សូមពាក់ម៉ាស់” “លាងម្អាតដៃឲ្យបានញឹកញាប់” “រក្សាគម្លាតសង្គម” និង “សូមពិនិត្យកម្តៅរបស់លោកអ្នក” ជាដើម។ គួរកត់សម្គាល់ថា ទីក្រុងសៀងហៃដែលមានពលរដ្ឋជាង ២៦លាននាក់ត្រូវបានអាជ្ញាធរចិនដាក់ក្នុងវិធានការបិទខ្ទប់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំចំពោះគ្រប់ប្រជាពលរដ្ឋទាំងអស់។​ ការបិទខ្ទប់ទីក្រុងសៀងហៃត្រូ​វបានបែងចែកជាពីដំណាក់កាលដោយដំណាក់កាលទី ១ បិទខ្ទប់មួយផ្នែកមានរយៈពេល ៩ថ្ងៃ ហើយបន្ទាប់មកទើបបិទមួយផ្នែកទៀតក្នុងរយៈពេល ៥ថ្ងៃ ដែលជាដំណាក់កាលពី ២៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: