អ្នកជំនាញ IT ព្យាករណ៍ថា ថៃនឹងប្រឈមបញ្ហាខ្វះខាតកុំព្យូទ័រលើទីផ្សារនៅពាក់កណ្តាលឆ្នាំនេះ
- BY
- Pheakdey
- April 1, 2022
ថៃ៖ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាម្នាក់បានព្យាករណ៍ថា នៅអំឡុងពាក់កណ្តាលឆ្នាំ ២០២២នេះ ប្រទេសថៃត្រូវប្រឈមនឹងបញ្ហាមួយគឺភាពខ្វះខាតកុំព្យូទ័រនៅលើទីផ្សារ ខណៈបញ្ហានេះនឹងធ្វើឲ្យតម្លៃកុំព្យូទ័រត្រូវកើនឡើងខ្ពស់ផងដែរ។ បើតាមការចុះផ្សាយរបស់ការសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី១ ខែមេសានេះបានបញ្ជាក់ថា អ្នកជំនាញរូបនេះគឺលោក Chukkrit Watcharasaksilp ជាប្រធានផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Advice ដែលជាក្រុមហ៊ុនលក់ផលិតផលបច្ចេកវិទ្យាដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ។

អ្នកជំនាញរូបនេះបានបន្តថា មូលហេតុដែលជម្រុញឲ្យកើតមានបញ្ហាខាងលើនេះមានដូចជា អាជ្ញាធរចិនបានបិទខ្ទប់ក្រុងសំខាន់ៗជាច្រើនដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ហើយកត្តានេះបានធ្វើប៉ះពាល់ដល់ការផលិតកុំព្យូទ័រនិងគ្រឿងបន្លាស់កុំព្យូទ័រសម្រាប់ផ្គត់ផ្គង់មកកាន់ប្រទេសថៃយ៉ាងខ្លាំង។ កត្តាផ្សេងទៀតមានដូចជា តម្លៃលុយបាតបានធ្លាក់ចុះព្រោះប្រទេសថៃខ្លួនឯងក៏កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដែរ ខណៈបញ្ហាសង្គ្រាមនៅអ៊ុយក្រែន-រុស្ស៊ីក៏មានចំណែកខ្លះដែរ ដ្បិតសង្គ្រាមបានធ្វើឲ្យតម្លៃសាំងនៅលើទីផ្សារឡើងថ្លៃ ហើយពេលសាំងឡើងថ្លៃតម្លៃនៃការដឹកជញ្ជូនក៏ត្រូវឡើងខ្ពស់ផងដែរ។ អ្នកជំនាញរូបនេះបានបញ្ជាក់ថា បញ្ហាខ្វះខាតកុំព្យូទ័រនៅលើទីផ្សារនេះនឹងកើតមានក្នុងប្រទេសថៃនៅចន្លោះពីខែ ឧសភា ដល់ខែមិថុនា ឆ្នាំ ២០២២នេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






