អន្តរជាតិ

រុស្ស៊ីកំពុងប្រឈមនឹងកង្វះខាតឱសថ ដោយសារតែការដាក់ទណ្ឌកម្មរបស់បរទេស ចាប់តាំងពីប្រទេសនេះចូលឈ្លានពានអ៊ុយក្រែន

BY
autoadmin
April 4, 2022

ការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសរុស្ស៊ី មិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែឯកោនោះទេ ប៉ុន្តែសូម្បីតែផ្នែកខាងឱសថសាស្ត្រក៏រងសម្ពាធខ្លាំងដូចគ្នា។ ជាក់ស្ដែងពេលនេះ ពលរដ្ឋរុស្ស៊ីកំពុងរងការព្រមានទាក់ទងនឹងកង្វះខាតថ្នាំសង្កូវ នៅពេលដែលប្រទេសរបស់ខ្លួនប្រឈមនឹងការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់។ ពោលគឺថ្នាំមួយចំនួនបានក្លាយជាវត្ថុពិបាករក នៅទូទាំងទីក្រុងមូស្គូ និងទីក្រុងផ្សេងៗទៀត ហើយបញ្ហានេះផងដែរ វាបានកើតមានឡើងតាំងតែពីដើមខែមីនាមកម៉្លេះ។ យ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលរុស្ស៊ីបាននិយាយថា វាគ្រាន់តែជាកង្វះខាតរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែពលរដ្ឋមានការភ្ញាក់ផ្អើល ចំពោះរឿងបរទេសដាក់ទណ្ឌកម្មមកលើរុស្ស៊ី។

រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានអះអាងម្តងហើយម្តងទៀតថា ភាពអាចរកបាននៃឱសថមិនមែនជាបញ្ហានៅក្នុងប្រទេសនោះទេ ហើយលោកបានស្តីបន្ទោសបញ្ហានេះទៅលើភាពស្លន់ស្លោរបស់ពលរដ្ឋ។ លោកបាននិយាយថា តម្រូវការសម្រាប់ថ្នាំមួយចំនួនបានកើនឡើង ១០ដង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយគាត់បានជំរុញពលរដ្ឋកុំប្រមូលទិញថ្នាំទៅស្តុកទុក។ ការផ្គត់ផ្គង់ថ្នាំសង្កូវសម្រាប់រយៈពេល ១ ទៅ ១ឆ្នាំកន្លះ នៅក្នុងប្រទេសនេះ ត្រូវបានពលរដ្ឋប្រមូលទិញអស់ត្រឹមរយៈពេល ១ ខែប៉ុណ្ណោះ។ អ្នកជំនាញយល់ស្របថា ការប្រមូលទិញថ្នាំទុកដោយសារភាពភ័យស្លន់ស្លោ បានដើរតួនាទីសំខាន់នៅក្នុងការធ្វើឱ្យមានកង្វះខាតថ្នាំសង្កូវ។

ការពិតទៅការរៀបចំផ្គត់ផ្គង់ថ្នាំសង្កូវត្រូវបានដោះស្រាយយ៉ាងទូលំទូលាយ ប៉ុន្តែការប្រមូលទិញហួសហេតុដោយសារភាពភ័យស្លន់ស្លោ ដែលបណ្តាលមកពីការភ័យខ្លាចថា ក្រុមហ៊ុនបរទេសនឹងបញ្ឈប់ការផ្គត់ផ្គង់ នឹងបន្តធ្វើឱ្យមានការខ្វះខាតមួយរយៈធំទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ MSN

Share This Post: