អន្តរជាតិ

ស៊ុតសូកូឡាម៉ាក Kinder Surprise ជាច្រើន ត្រូវបានប្រមូលយកមកវិញពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដោយសារការផ្ទុះឡើងនៃបាក់តេរី Salmonella

BY
autoadmin
April 4, 2022

ស៊ុតសូកូឡាម៉ាក Kinder Surprise ជាច្រើន ត្រូវបានប្រមូលយកមកវិញ នៅក្នុងចក្រភពអង់គ្លេស អៀរឡង់ និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ដោយសារតែការផ្ទុះឡើងនៃបាក់តេរី Salmonella ។ ទីភ្នាក់ងារស្ដង់ដារអាហារ (FSA) បាននិយាយថា ខ្លួនកំពុងណែនាំពលរដ្ឋកុំបរិភោគ ផលិតផលមួយចំនួនដែលមានតំណភ្ជាប់សក្តានុពលទៅនឹងបាក់តេរី Salmonella ខណៈក៏មានការរាយការណ៍មួយចំនួន ទាក់ទងនឹងករណីពុលជាមួយនឹងបាត់តេរីមួយនេះ។ ការព្រមាននេះអនុវត្តចំពោះផលិតផលដូចជា ស៊ុតសូកូឡា Kinder Surprise ទម្ងន់ ២០ក្រាម ដែលមានបរិមាណ ១ គ្រាប់ និង Kinder Surprise ទម្ងន់ ២០ក្រាម ដែលមានបរិមាណ ៣ គ្រាប់ ដែលកាលបរិច្ឆេទចន្លោះ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ និងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

ក្រុមហ៊ុន Ferrero ដែលជាម្ចាស់ម៉ាកយីហោ Kinder បានបញ្ជាក់ថា ដើម្បីបង្កើនការប្រុងប្រយ័ត្នបន្ថែម ខ្លួនបានប្រមូលមកវិញនូវផលិតផលរបស់ខ្លួន ដែលផលិតនៅក្នុងប្រទេសបែលហ្សិក (ដោយសារតែ Kinder Surprise ដែលមានកាលបរិច្ឆេទដូចរៀបរាប់ខាងលើ គឺត្រូវបានផលិតនៅប្រទេសបែលហ្សិក) ហើយថា ខ្លួនមិនទាន់បានទទួលការតវ៉ាណាមួយពីអតិថិជននៅឡើយទេ។

គួរឱ្យដឹងដែរថា FSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការស៊ើបអង្កេតដែលដឹកនាំដោយ UKHSA, សុខភាពសាធារណៈស្កុតឡេន, សុខភាពសាធារណៈ Wales និងទីភ្នាក់ងារសុខភាពសាធារណៈអៀរឡង់ខាងជើង បានរកឃើញទំនាក់ទំនងរវាងករណីពុលបាក់តេរី Salmonella នៅទូទាំងចក្រភពអង់គ្លេស និងផលិតផលជាក់លាក់មួយចំនួន ដែលផលិតដោយក្រុមហ៊ុន Ferrero»។ ដូច្នេះហើយ ដើម្បីជាការបង្កើនការប្រុងប្រយ័ត្ន ក្រុមហ៊ុនបានប្រមូលយកមកវិញនូវផលិតផលទាំងអស់នោះ ហើយដាក់ការស៊ើបអង្កេតបន្ថែមទៀតចំពោះបញ្ហានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Ladbible, thejournal

Share This Post: