ថៃអះអាងថា មេរោគកូវីដ-១៩ បំប្លែងខ្លួនប្រភេទ XE មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ និងប្រាប់កុំឲ្យពលរដ្ឋភ័យស្លន់ស្លោរខ្លាំងពេក
- BY
- Pheakdey
- April 4, 2022
ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃកាលពីថ្ងៃអាទិត្យ ទី៣ ខែមេសា ម្សិលមិញនេះបានចេញមកបញ្ជាក់ប្រាប់ពលរដ្ឋខ្លួនកុំឲ្យមានការព្រួយបារម្ភខ្លាំងពេកនោះទេ ចំពោះការរកឃើញមេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ XE។ បើតាមលោក Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS) បានបញ្ជាក់ថា មេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ XE មិនបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចមេរោគប្រភេទ ដែលតា ឡើយ ហើយវាជាទម្រង់នៃមេរោគដែលអាជ្ញាធរថៃបានស្គាល់យ៉ាងច្បាស់ និងអាចគ្រប់គ្រងលើការរាតត្បាតរបស់វាបានទៀតផង។

ផ្អែកលើការអះអាងខាងលើនេះលោកវេជ្ជបណ្ឌិតរូបនេះបានប្រាប់មិនឲ្យពលរដ្ឋមានការភ័យស្លន់ស្លោរខ្លាំងពេកនោះទេ ចំពោះវត្តមាននៃមេរោគថ្មីនេះ ពោលគឺគ្រាន់តែចេះប្រុងប្រយ័ត្ននិងការពារខ្លួនតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលទៅបានហើយ។ គួរបញ្ជាក់ជូនថា XE គឺជាមេរោគនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីដែលជាការបញ្ចូលគ្នារវាងមេរោគអូមីក្រុងប្រភេទ BA.1 និងប្រភេទ BA.2 ហើយនាពេលកន្លងមកក្រុមអ្នកវិទ្យាសាស្រ្តធ្លាប់បានអះអាងថា មេរោគ XE អាចបង្កគ្រោះថ្នាក់ខ្ពស់ជាងមេរោគអូមីក្រុង BA.2 ១០% ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






