លោកស្រី Carrie Lam បាននិយាយថា គាត់នឹងមិនឈរឈ្មោះធ្វើជាមេដឹកនាំទីក្រុងហុងកុងទៀតទេ ព្រោះគាត់ចង់ផ្ដោតលើគ្រួសារច្រើនជាង
- BY
- autoadmin
- April 4, 2022
លោកស្រី Carrie Lam ដែលជាមេដឹកនាំកំពុងកាន់អំណាចរបស់ទីក្រុងហុងកុង បាននិយាយថា លោកស្រីនឹងមិនស្វែងរកអាណត្តិទី២ បន្ថែមទៀតនោះទេ។ រំលឹកដែរថា លោកស្រីគឺជានាយកប្រតិបត្តិរបស់ទីក្រុងហុងកុង នៅពេលដែលការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំរបស់ទីក្រុងនេះ បាននាំឱ្យប្រទេសចិនចេញច្បាប់សន្តិសុខជាតិយ៉ាងចម្រូងចម្រាស់បំផុត។ លោកស្រី Lam បានប្រាប់អ្នកសារព័ត៌មានថា គាត់សម្រេចចិត្តផ្តោតលើគ្រួសារវិញ ខណៈការប្រកាសរបស់លោកស្រី បានកើតឡើងមួយខែមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំបន្ទាប់របស់ហុងកុង។

រយៈពេលនៃការតែងតាំងបេក្ខភាពនឹងបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ខាងមុខនេះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានបេក្ខភាពណាមួយនាំមុខគួរឱ្យកត់សម្គាល់នោះទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា លោក John Lee Ka-chiu ដែលគាំទ្រដោយទីក្រុងប៉េកាំង នឹងឈរឈ្មោះជំនួសលោកស្រី Lam ។ ជម្រាបដែរថា លោក Lee គឺជាមន្ត្រីសន្តិសុខក្នុងអំឡុងពេលការតវ៉ាក្នុងឆ្នាំ២០១៩ ហើយក្រោយមកគាត់ត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់បំផុតទី២ របស់ទីក្រុងនេះ។ នាយកប្រតិបត្តិរបស់ហុងកុង នឹងត្រូវបានជ្រើសរើសដោយគណៈកម្មាធិការបោះឆ្នោត ដែលមានសមាជិក ១,៥០០ នាក់ ដែលភាគច្រើនស្មោះត្រង់នឹងទីក្រុងប៉េកាំង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






