កាសែតថៃអះអាងថា៖ “ថៃបានត្រៀមអាវុធយ៉ាងច្រើនដើម្បីធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩នៅសមរភូមិសង្ក្រាន្ត”
- BY
- Pheakdey
- April 4, 2022
ថៃ៖ នៅថ្ងៃចន្ទ ទី៤ ខែមេសានេះកាសែត National Thailand បានចុះផ្សាយអត្ថបទគួរឲ្យចាប់អារម្មណ៍ដោយមានចំណងជើងថា “ថៃបានត្រៀមអាវុធយ៉ាងច្រើនដើម្បីធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩នៅសមរភូមិសង្ក្រាន្ត”។ ខ្លឹមសារជារួមរបស់អត្ថបទមួយនេះហាក់មិនពិបាកយល់នោះទេ ពោលគឺកាសែតដ៏ល្បីរបស់ថៃមួយនេះចង់បញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃបានត្រៀមសម្ភារៈបរិក្ខាពេទ្យរួចរាល់ហើយដើម្បីឆ្លើយតបនឹងរលកនៃជំងឺកូវីដ-១៩ ដែលនឹងរាតត្បាតខ្លាំងនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃនៅពាក់កណ្តាលខែមេសាខាងមុខនេះ។

ប្រភពខាងលើបានបញ្ជាក់ថា អាជ្ញាធរថៃបានកំពុងតែធ្វើការចែកចាយថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Favipiravir ចំនួន ២លានគ្រាប់ក្នុងមួយថ្ងៃទៅកាន់តាមបណ្តាមន្ទីរពេទ្យ និងឱសថស្ថាននៅទូទាំងប្រទេសដើម្បីធានាឲ្យបានថា ប្រជាពលរដ្ឋថៃនៅគ្រប់ទីកន្លែងនឹងមានថ្នាំប្រើប្រាស់គ្រប់គ្រាន់និងទាន់ពេលវេលា ប្រសិនបើពួកគេបានឆ្លងជំងឺកូវីដ-១៩ នៅឱកាសនៃការជួបជុំគ្នាក្នុងពិធីបុណ្យសង្ក្រាន្ត។ គួររម្លឹកជូនថា នាពេលបច្ចុប្បន្ននេះថៃមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណជា ២ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈអ្នកជំនាញបានព្យាករណ៍ថា តួលេខអ្នកឆ្លងប្រចាំថ្ងៃនេះនឹងកើនដល់ខ្ទង់ ១សែននាក់ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីថៃរួច៕

អត្ថបទ៖ ភក្តី
ប្រភព៖ National Thailand
- Share This Post:






