អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចឱ្យមានការផ្អាកចេញទិដ្ឋាការ សម្រាប់ប្រទេសអមិត្តរបស់ខ្លួនទាំងអស់

BY
autoadmin
April 5, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្អាកការចេញទិដ្ឋាការសាមញ្ញកាលពីថ្ងៃចន្ទ សម្រាប់ប្រទេសមួយចំនួនដែលខ្លួនចាត់ទុកថាជាប្រទេស «អមិត្ត»។ ប្រទេស​ដែល​កំណត់​គោលដៅ​ដោយ​ក្រឹត្យ​នេះ​រួម​មាន ប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប ក៏ដូចជាន័រវេស ស្វីស ដាណឺម៉ាក និងអ៊ីស្លង់។ រំលឹកដែរថា កាល​ពី​ខែ​មុនរដ្ឋាភិបាល​រុស្ស៊ី​បាន​អនុម័ត​បញ្ជី​ប្រទេសអមិត្ត ដែល​រួម​មាន​សហរដ្ឋ​អាមេរិក កាណាដា អង់គ្លេស ប្រទេសក្នុងតំបន់អឺរ៉ុប និង​អ៊ុយក្រែនជាដើម។

កាលពីថ្ងៃច័ន្ទកន្លងទៅ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ប្រទេសនេះកំពុងពិចារណារឹតបន្តឹងការចូលរបស់ពលរដ្ឋពីប្រទេស និងដែនដីដែលខ្លួនចាត់ទុកថា «អមិត្ត»។ ​ក្រឹត្តនេះក៏បានបញ្ជាឱ្យក្រសួងការបរទេសរុស្ស៊ី និងស្ថាប័នផ្សេងទៀត សម្រេចលើការដាក់កំហិតការចូលផ្ទាល់ខ្លួនលើពលរដ្ឋបរទេស និងជនអនាថា ដែលប្រព្រឹត្តអំពើមិនសមរម្យប្រឆាំងនឹងរុស្ស៊ី ពលរដ្ឋ ឬនីតិបុគ្គលរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: