អន្តរជាតិ

រូបភាពពីផ្កាយរណប Maxar បានបង្ហាញពីសាកសពពលរដ្ឋអ៊ុយក្រែន ដែលបានដេកស្លា.ប់ពាសពេញផ្លូវទីក្រុង Bucha

BY
autoadmin
April 5, 2022

កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានអះអាងថា សាកសពនៅក្នុងសម្លៀកបំពាក់ជាជនស៊ីវិល ដែលគេបានរកឃើញនៅក្នុងទីក្រុង Bucha គឺបានបង្ហាញខ្លួននៅទីនោះ ក្រោយពេលដែលកងកម្លាំងរបស់ខ្លួនបានដកថយពីទីក្រុងរួចទៅហើយ ក៏ប៉ុន្តែរូបភាពដែលយកចេញពីផ្កាយរណបថ្មីៗចុងក្រោយនេះ ហាក់ដូចជាបដិសេធនឹងការអះអាងខ្លួនរបស់ភាគីរុស្ស៊ី។ រូបភាពដែលបានយកចេញពីផ្កាយរណប Maxar, ចាប់យករូបភាពនៅពាក់កណ្តាលខែមីនា និងបានចេញផ្សាយនៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ បានបង្ហាញពីសាកសពជនស៊ីវិលជាច្រើននាក់ ដែលបានដេកស្លាប់ទាំងនៅលើ ឬ នៅចិញ្ចើមផ្លូវ Yablonska នៃទីក្រុង Bucha ខណៈអ្នកជំនាញបាននិយាយថា សាកសពខ្លះអាចមានអាយុកាល ៣ សប្ដាហ៍ ដែលមានន័យថា វាស្ថិតនៅក្នុងអំឡុងពេលដែលយោធារុស្ស៊ីកំពុងកាន់កាប់តំបន់នោះ។

ជាក់ស្ដែងអ្នកថតរូបរបស់ AFP មួយចំនួនក៏បានចូលទៅក្នុងទីក្រុង Bucha ភាគពាយព្យនៃទីក្រុង Kyiv ដោយផ្ទាល់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយពួកគេក៏បានអះអាងពីការរកឃើញសាកសព ដែលមានយ៉ាងហោចណាស់ ២០ សាកសព នៅក្នុងសម្លៀកបំពាក់ជាជនស៊ីវិល ខណៈមានអ្នកខ្លះទៀតត្រូវបានចង់ដៃទៅក្រោយ ដែលធ្វើឱ្យមានការថ្កោលទោសជាសកលថា វាគឺជាឧក្រិដ្ឋកម្មសង្គ្រាមរបស់យោធារុស្ស៊ី។ មុននេះ ក្រសួងការពារជាតិរុស្ស៊ីបានច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែន ដោយនិយាយថា យោធារុស្ស៊ីបានដកកម្លាំងរបស់ខ្លួនចេញពីទីក្រុង Bucha តាំងតែពីថ្ងៃទី៣០ ខែមីនា ហើយសាកសពទាំងនោះ គឺទើបតែលេចចេញតាមក្រោយប៉ុណ្ណោះ។ ប៉ុន្តែចំពោះការបង្ហាញថ្មីៗចុងក្រោយដោយផ្កាយរណបគុណភាពខ្ពស់ Maxar លើកនេះវិញ គឺមិនទាន់ត្រូវបានភាគីរុស្ស៊ីចេញមកធ្វើការអធិប្បាយនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: