លោក Zelenskyy បាននិយាយថា ប្រសិនបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនធ្វើសកម្មភាពអ្វីទេ ពួកគេគួរតែរំលាយក្រុមប្រឹក្សានេះចោលទៅ
- BY
- autoadmin
- April 6, 2022
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឱ្យមានការដកប្រទេសរុស្ស៊ី ចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ លោកបានប្រាប់សមាជិក UNSC កាលពីថ្ងៃអង្គារថា ជនជាតិរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះអំពើឃោរឃៅនៅក្នុងទីក្រុង Bucha ហើយលោកបានចោទប្រកាន់ទាហានរុស្ស៊ីថា បានចាប់ជនរងគ្រោះណាដែលពួកគេបានឃើញ ហើយបន្ទាប់មកក៏សម្លាប់ពួកគេទាំងគ្មានកំហុសអ្វី។ លោកបានមានប្រសាសន៍ថា ប្រសិនបើអ្នកការទូតអង្គការសហប្រជាជាតិមិនធ្វើសកម្មភាពអ្វីទេ ពួកគេគួរតែ «រំលាយ» ក្រុមប្រឹក្សានេះចោលទៅ។

យ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ UN គឺលោក Vassily Nebenzia បានបដិសេធការចោទប្រកាន់នេះ ហើយគាត់បានចោទប្រកាន់ថា ទាហានអ៊ុយក្រែនទៅវិញទេ ដែលកំពុងចាប់ទាហានរុស្ស៊ីដាក់គុក ធ្វើទារុណកម្ម និងសម្លាប់។ ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ការបញ្ឈប់បាញ់បោះ គឺជារឿងសំខាន់ ដែលត្រូវដោះស្រាយនៅពេលនេះ។ លោកបាននិយាយថា លោករន្ធត់ចិត្តចំពោះរូបភាពជនស៊ីវិលដែលត្រូវបានគេសម្លាប់នៅ Bucha ខណៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កំពុងស៊ើបអង្កេតថាវាជាឧក្រិដ្ឋកម្មសង្គ្រាម ឬក៏យ៉ាងណា៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera
- Share This Post:






