អន្តរជាតិ

WHO នឹងធ្វើការផ្គត់ផ្គង់ថ្នាំពន្យារជីវិតសម្រាប់អ្នកផ្ទុកមេរោគអេដស៍នៅអ៊ុយក្រែន ដោយសារប្រទេសនេះមានអ្នកជំងឺច្រើនជាងគេទី២ នៅតំបន់អឺរ៉ុប

BY
autoadmin
April 6, 2022

អង្គការសុខភាពពិភពលោកនៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួននឹងផ្គត់ផ្គង់ថ្នាំពន្យារជីវិត Antiretroviral រាប់ម៉ឺនដូស ទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកផ្ទុកមេរោគអេដស៍នៅទីនោះ សម្រាប់រយៈពេល ១២ ខែបន្ទាប់ទៀត។ WHO រួមជាមួយនឹងផែនការជំនួយបន្ទាន់សម្រាប់អ្នកជំងឺអេដស៍ (PEPFAR) របស់សហរដ្ឋអាមេរិក, អាជ្ញាធរអ៊ុយក្រែន និងដៃគូផ្សេងទៀត បានទិញថ្នាំប្រឆាំងមេរោគអេដស៍ TLD (Tenofovir/Lamivudine/Dolutegravir) ចំនួន ២០៩,០០០ កញ្ចប់ សម្រាប់អ៊ុយក្រែន ខណៈដែលប្រទេសនេះមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ២៦០,០០០ នាក់ ដែលជាចំនួនច្រើនបំផុតទី២ នៅតំបន់អឺរ៉ុបបន្ទាប់ពីរុស្ស៊ី។

កាលពីខែមុន ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកមេរោគអេដស៍ និងជំងឺអេដស៍បានព្រមានថា ប្រទេសអ៊ុយក្រែននៅសល់ការផ្គត់ផ្គង់ថ្នាំតិចជាងមួយខែ សម្រាប់អ្នកផ្ទុកមេរោគអេដស៍នៅទីនោះ។ ជាក់ស្ដែងលោក Hans Henri P. Kluge ដែលជានាយករបស់ WHO សម្រាប់តំបន់អឺរ៉ុប បាននិយាយថា៖«សង្រ្គាមនេះមានសក្តានុពលក្នុងការធ្វើឱ្យខូចដល់វឌ្ឍនភាព ដែលរកបានយ៉ាងលំបាកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាសុខភាពមួយចំនួនរួមទាំងមេរោគអេដស៍។ យើងមិនអាចអនុញ្ញាតឱ្យវាកើតឡើងបានឡើយ នៅពេលដែលអ៊ុយក្រែនកំពុងមានភាពប្រសើរឡើងលើមេរោគអេដស៍»។

ដូចយើងដឹងហើយថា មេរោគអេដស៍មិនអាចព្យាបាលឱ្យជាដាច់បាននោះទេ គឺមានតែឱសថប្រឆាំងមេរោគដើម្បីពន្យាជីវិតអ្នកផ្ទុកប៉ុណ្ណោះ ក៏ដូចជាបង្ការការចម្លងផ្លូវភេទបន្តទៅមនុស្សផ្សេងទៀត ហើយការរំខានណាមួយក្នុងការព្យាបាល នឹងអាចនាំឱ្យមានផលវិបាករួមទាំងការបដិសេធជាមួយថ្នាំជាដើម។ WHO បាននិយាយថា កញ្ចប់ដំបូងនៃថ្នាំសម្រាប់អ្នកផ្ទុកមេរោគអេដស៍ បានឆ្លងព្រំដែនប៉ូឡូញចូលទៅក្នុងអ៊ុយក្រែន ហើយហៀបនឹងដឹកជញ្ជូនទៅកាន់កន្លែងផ្តល់សេវានៅទូទាំងប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: