អន្តរជាតិ

ហុងកុងកំពុងប្រឈមនឹងបញ្ហាខ្វះមឈូស ក្រោយចំនួនអ្នកបាត់បង់ជីវិតដោយកូវីដ-១៩ កើនឡើងយ៉ាងឆាប់រហ័ស

BY
Pheakdey
April 6, 2022

ហុងកុង៖ តួលេខអ្នកឆ្លង​និងបាត់បង់ជីវិត ដោយជំងឺកូវីដ-១៩ នៅក្រុងហុងកុងបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលជាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈតួលេខអ្នកបាត់បង់ជីវិតដ៏ច្រើននេះបានបង្កឲ្យមានបញ្ហាសង្គមមួយដែលមិនធ្លាប់កើតមានទាល់តែសោះសម្រាប់ក្រុងដ៏ស៊ីវិល័យមួយនេះ។​ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times នៅព្រឹកថ្ងៃពុធ  ទី៦ ខែមេសាបានបញ្ជាក់ថា បញ្ហាសង្គមដែលហុងកុងកំពុងប្រឈមនៅពេលនេះគឺការខ្វះខាតមឈូសសម្រាប់រៀបចំពិធីបុណ្យសពរបស់អ្នកជំងឺកូវីដ-១៩។ ក្រៅតែពីបញ្ហាខ្វះខាតមឈូស អាជ្ញាធរហុងកុងក៏កំពុងតែមមាញឹកក្នុងការបង្កើតកន្លែងបញ្ចុះសពជាច្រើនបន្ថែមទៀងដែរផងដែរដើម្បីឆ្លើយតបនឹងចំនួនសាកសពដែលកំពុងបន្តកើនឡើងយ៉ាងឆាប់រហ័ស។

បើតាមលោក Lok Chung អាយុ ៣៧ឆ្នាំ ដែលជាប្រធានគ្រប់គ្រងផ្នែករៀបចំពិធីបុណ្យសពមួយរូបនៅក្រុងហុងកុងបានប្រាប់ឲ្យដឹងថា គាត់មិនដែលប្រទះឃើញសាកសពត្រូវគេដាក់គរលើគ្នាច្រើនដូចក្នុងពេលនេះទេចាប់តាំងពីគាត់ចាប់ផ្តើមការងារក្នុងវិស័យនេះមក។ លោកបានបន្តថា កាលពីខែមុនតម្រូវការនៃការរៀបចំបុណ្យសពមានច្រើនបំផុតត្រឹម ១៥ប៉ុណ្ណោះ តែសម្រាប់នៅក្នុងខែនេះបុណ្យសពដែលក្រុមការងាររបស់គាត់ត្រូវរៀបចំមានរហូតដល់ ៤០ ហើយវាជាចំនួនបុណ្យសពប្រចាំខែដ៏ច្រើនបំផុតមួយមិនធ្លាប់មាននោះទេសម្រាប់រូបគាត់។ គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី០៥ ខែមេសា អាជ្ញាធរហុងកុងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣,២៥៤នាក់ និងស្លាប់ចំនួន ៩៧នាក់ ខណៈតួលេខអ្នកឆ្លងសរុបរាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មកគឺមានចំនួនជាង ១,១លាននាក់ និងស្លាប់សរុបជាង ៨ពាន់នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Straits Times

Share This Post: