មន្ទីរបញ្ចកោណបាននិយាយថា ទាហានរុស្ស៊ីបានដកថយចេញពីតំបន់នៅជុំវិញទីក្រុងគៀវអស់ហើយ
- BY
- autoadmin
- April 7, 2022
មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណម្នាក់បាននិយាយថា ទាហានរុស្ស៊ីបានបញ្ចប់ការដកថយរបស់ពួកគេ ចេញពីតំបន់នៅជុំវិញទីក្រុងគៀវ ហើយពួកគេក៏បានដកខ្លួនចេញពីជុំវិញទីក្រុង Chernihiv ផងដែរ។ ប៉ុន្តែភស្តុតាងបន្ថែមទៀតកំពុងលេចចេញឡើងជាបន្ដបន្ទាប់ ទាក់ទងនឹងការសម្លាប់អ្នកស្រុកដោយមិនរើសមុន ពីសំណាក់កងកម្លាំងរុស្ស៊ី។ មន្ត្រីរូបនោះបាននិយាយថា ការដកទ័ពចេញគឺដើម្បីបង្រួបបង្រួម និងរៀបចំកងទ័ពឡើងវិញ នៅក្នុងប្រទេសបេឡារុស្ស និងនៅក្នុងប្រទេសរុស្ស៊ី។ យ៉ាងណាក៏ដោយ ទីក្រុងកំពង់ផែ Mariupol នៅតែឯកោពីគេដដែល ប៉ុន្តែមិនបានស្ថិតនៅក្រោមការឡោមព័ទ្ធទៀតទេ។

ទាក់ទងនឹងការសម្លាប់ពលរដ្ឋនៅ Bucha ក្រុមអ្នកស៊ើបអង្កេតបានរកឃើញសាកសពជាច្រើននៅទូទាំងក្រុង ទាំងនៅតាមដងផ្លូវ និងនៅក្រោមគំនរបាក់បែក ហើយសាកសពខ្លះក៏ត្រូវបានដុត។ ឥឡូវនេះក្រុមអ្នកស៊ើបអង្កេតនឹងចងក្រងឯកសារគ្រប់យ៉ាងដែលពួកគេរកឃើញ ដើម្បីជាភស្តុតាងសម្រាប់ចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ក្រុមអ្នកស៊ើបអង្កេតក៏បានឃើញផ្នូរដ៏ធំៗ ហើយឃើញក្រុមគ្រួសារ ឬមិត្តភក្តិរបស់ពួកគេ បានបញ្ចុះសពជនរងគ្រោះជាច្រើនទៀត នៅគ្រប់ទីកន្លែងដែលពួកគេអាចធ្វើបាន។ អ្នកស្រុកបាននិយាយថា ទង្វើនេះមិនមែនជាសង្រ្គាមទេ វាជាការប្រល័យពូជសាសន៍៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






