អន្តរជាតិ

ការសិក្សាថ្មីមួយបានបង្ហាញថា ជំងឺកូវីដ១៩ បង្កើនហានិភ័យវិវត្តទៅជាមានបញ្ហាឈាមកកធ្ងន់ធ្ងររហូតដល់ទៅ ៦ខែ បន្ទាប់ពីឆ្លងជំងឺនេះរួច

BY
autoadmin
April 7, 2022

ការសិក្សាថ្មីមួយបាននិយាយថា អ្នកដែលធ្លាប់មានជំងឺ COVID-19 មានការកើនឡើងហានិភ័យនៃការវិវត្តទៅជាមានបញ្ហាឈាមកកធ្ងន់ធ្ងរ រហូតដល់ទៅ ៦ខែ បន្ទាប់ពីឆ្លងជំងឺនេះរួច ឬសូម្បីតែក្នុងករណីស្រាលក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។ ការស្រាវជ្រាវពីមុនបានបង្ហាញថា ជំងឺ COVID-19 អាចបង្កើនហានិភ័យឱ្យមានឈាមកក ប៉ុន្តែការសិក្សាថ្មីចុងក្រោយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ BMJ បានបញ្ជាក់បន្ថែម ពីរយៈពេលដែលហានិភ័យនេះនឹងបន្ដមានរាប់ខែទៅមុខទៀត។

នៅក្នុងការសិក្សានោះ អ្នកស្រាវជ្រាវបានប្រៀបធៀបទិន្នន័យពីមនុស្សជាង ១ លាននាក់ នៅប្រទេសស៊ុយអែត ដែលបានឆ្លងជំងឺ COVID-19 ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ ជាមួយនឹងក្រុមដែលស្ថិតក្រោមការត្រួតពិនិត្យជាង ៤ លាននាក់ ដែលមិនបានធ្វើតេស្តវិជ្ជមាន។ អ្នកស្រាវជ្រាវបានរកឃើញថា ក្រុមអ្នកដែលឆ្លងជំងឺ COVID-19 មានហានិភ័យខ្ពស់នៃការស្ទះសរសៃឈាមរបស់សួត ឬ Pulmonary embolism រហូតដល់ ៦ខែ បន្ទាប់ពីការឆ្លង។ វាក៏បានបង្ហាញពីការកើនឡើងហានិភ័យស្ទះសរសៃឈាមវ៉ែន (ដែលជាធម្មតានៅផ្នែកជើងរបស់មនុស្ស) រហូតដល់ ៣ខែ បន្ទាប់ពីបានឆ្លងជំងឺនេះផងដែរ។

ពោលគឺអ្នកជំងឺ COVID-19 មានហានិភ័យ ៣៣ ដង សម្រាប់ការស្ទះសរសៃឈាមសួត និង ៥ ដង សម្រាប់ការស្ទះសរសៃឈាមវ៉ែន។ ហានិភ័យកាន់តែមានច្រើនសម្រាប់អ្នកឆ្លង COVID-19 ធ្ងន់ធ្ងរ និងធ្លាប់មានជំងឺប្រចាំកាយពីមុន ប៉ុន្តែសម្រាប់អ្នកឆ្លងស្រាលៗ ដែលមិនបានទៅព្យាបាលនៅមន្ទីរពេទ្យ ក៏អាចមានហានិភ័យទាំងអស់នេះដែរ។ អ្នកស្រាវជ្រាវបាននិយាយថា ឱកាសនៃការកកឈាម មានកម្រិតខ្ពស់ក្នុងអំឡុងរលកទី១នៃការរាតត្បាត ជាងការឆ្លងដំណាក់កាលក្រោយៗទៀត ដោយសារតែការផ្ដល់ជូនវ៉ាក់សាំង និងការព្យាបាលកាន់តែប្រសើរឡើងតាមពេលវេលា៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: