អត្តពលិកអ៊ុយក្រែនកំពុងប្រកាសលក់មេដាយ ដែលពួកគេឈ្នះពីព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដើម្បីរៃអង្គាសថវិកាជួយដល់ប្រទេសរបស់ខ្លួន
- BY
- autoadmin
- April 7, 2022
អត្តពលិកអ៊ុយក្រែនមួយចំនួនកំពុងដាក់លក់មេដាយ ដែលពួកគេបានឈ្នះនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដើម្បីរៃអង្គាសថវិកាជួយប្រទេសជាតិ នៅពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅតែអូសបន្លាយកាន់តែយូរទៅៗ។ ជាក់ស្ដែងកីឡាករប៉ារ៉ាឡាំពិកផ្នែកប្រណាំងទូក គឺលោក Serhii Yemelianov បានប្រកាសអំពីការដេញថ្លៃ ចំពោះមេដាយមាសដែលគាត់បានឈ្នះពីវិញ្ញាសាប្រណាំងទូកកាយ៉ាកចម្ងាយ ២០០ ម៉ែត្រ នៅលើបណ្ដាញសង្គមរបស់គាត់។ គាត់បាននិយាយថា គាត់កំពុងលក់មេដាយរបស់គាត់ដើម្បីគាំទ្រ «អ្នកការពារអ៊ុយក្រែន»។ គាត់បន្ថែមថា «រួមគ្នាយើងនឹងឈ្នះ» និង «ចូរសិរីល្អមានដល់អ៊ុយក្រែន»។

ចំណែកឯអត្តពលិកការ៉ាតេអ៊ុយក្រែនម្នាក់ទៀត គឺលោក Stanislav Horuna ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា Kumite ក្នុងប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ក៏កំពុងប្រកាសលក់មេដាយរបស់គាត់ នៅលើគេហទំព័រដេញថ្លៃតាមអ៉ីនធឺណិតមួយផងដែរ។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើគេហទំព័រដាក់ដេញថ្លៃមួយនោះ គាត់បាននិយាយថា មេដាយអូឡាំពិករបស់គាត់មានតម្លៃបំផុតក្នុងចំណោមមេដាយជាង ២០០ ដែលគាត់ធ្លាប់បានឈ្នះក្នុងអាជីព ១៩ឆ្នាំ របស់គាត់។ គាត់បាននិយាយថា៖«ខ្ញុំចង់លក់វានៅក្នុងការដេញថ្លៃ ដើម្បីជួយប្រជាជនរបស់ខ្ញុំនៅពេលលំបាកនេះ»៕


អត្ថបទ៖ លីដា
ប្រភព៖ Teller Report
- Share This Post:






