អន្តរជាតិ

UN សម្រេចព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស

BY
Pheakdey
April 8, 2022

កាសែត Channel News Asia បានរាយការណ៍ថា  មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ម្សិលមិញនេះបានសម្រេចព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហើយជុំវិញករណីដែលរុស្ស៊ីបានធ្វើការរំលោភបំពាននិងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ជូនថា មហាសន្និបាតអង្គការសហប្រជាជាតិខាងលើនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខណៈការសម្រេចរបស់មហាសន្និបាតត្រូវធ្វើឡើងដោយផ្អែកលើសំឡេងគាំទ្រ ២/៣ នៃចំនួនសមាជិកប្រទេសដែលបានចូលរួមទាំងអស់។

ប្រភពខាងលើបានបន្តថា ក្នុងការបោះឆ្នោតសម្រេចព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សនេះគឺគេទទួលបានសំឡេងគាំទ្រពីប្រទេសចំនួន ៩៣ សំឡេងមិនគាំទ្រចំនួន ២៤ ខណៈ ៥៨ប្រទេសផ្សេងទៀតសម្រេចបោះឆ្នោតអនុប្បវាទ។ ឆ្លើយតបនឹងការសម្រេចខាងលើនេះប្រទេសរុស្ស៊ីបានប្រកាសជាសាធារណៈថា នឹងដកខ្លួនចេញពីក្រុមប្រឹក្សាមួយនេះតែម្តង ពោលគឺមិនបាច់ព្យួរឈ្មោះនោះទេ។ គួរបញ្ជាក់ជូនថា ពិភពលោកបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីជាបន្តបន្ទាប់ចំពោះសកម្មភាពឈ្លានពានអ៊ុយក្រែនអស់រយៈពេល ៦សប្តាហ៍មកនេះ ហើយគេបានមើលឃើញថាទណ្ឌកម្មផ្នែកសេដ្ឋកិច្ចហាក់កំពុងដាក់សម្ពាធចំពោះរុស្ស៊ីហើយ ខណៈរុស្ស៊ីនៅតែបង្ហាញភាពខ្លាំងមិនខ្លាចទណ្ឌកម្មណាមួយទាល់តែសោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: