វីដេអូស្តែងៗ យន្តហោះក្រុមហ៊ុន DHL មួយគ្រឿង បានដាច់ជា ២ កំណាត់ បន្ទាប់ពីរអិលធ្លាក់ចេញពីផ្លូវរត់ក្នុងប្រទេសកូស្តារីកា
យន្តហោះរបស់ក្រុមហ៊ុន DHL មួយគ្រឿង បានដាច់ជា ២ កំណាត់ បន្ទាប់ពីវាបានរអិលចេញពីផ្លូវរត់ ហើយត្រូវបង្ខំចិត្តឈប់ម៉ាស៊ីនភ្លាមៗ នៅឯអាកាសយានដ្ឋានអន្តរជាតិ Juan Santa Maria ក្នុងប្រទេសកូស្តារីកា។ បើយោងទៅតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញថា ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២២ (ម៉ោងក្នុងស្រុក) នៅពេលដែលយន្ដហោះមួយនោះ បានបកត្រឡប់ក្រោយចូលព្រលានវិញ ហើយក៏បានធ្លាក់ពីផ្លូវរត់ និងដាច់ជា ២ កំណាត់ ត្រង់ចំណុចក្បែរកន្ទុយយន្ដហោះតែម្ដង។

លោក Luis Miranda Munoz នាយករងអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសកូស្តារីកា បានប្រាប់កាសែត The Guardian ថា យន្តហោះនោះគ្រោងនឹងចេញទៅប្រទេស Guatemala ប៉ុន្តែបានជួបបញ្ហាជាមួយប្រព័ន្ធទឹករបស់វា។ ដូច្នេះហើយអ្នកបើកយន្តហោះ ក៏បានស្នើសុំឱ្យត្រឡប់ក្រោយវិញ ហើយធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីការធ្វើដំណើរបានចម្ងាយប្រហែល ៣៥ ម៉ាយ (៥៦គីឡូម៉ែត្រ)។ គួរឱ្យដឹងដែរថា យន្តហោះដឹកជញ្ជូនរបស់ក្រុមហ៊ុន DHL មួយនោះ គឺជាយន្តហោះប្រភេទ Boeing 757-200 ដែលមានលេខកន្ទុយ JOS2716 ។
អ្នកនាំពាក្យរបស់ DHL បានសរសេរថា៖«យើងរីករាយក្នុងការរាយការណ៍ថា អ្នកបើកយន្ដហោះរបស់យើង មិនមានរបួសរាងកាយក្នុងឧបទ្ទវហេតុនេះទេ។ មានសមាជិកយានិកម្នាក់ បានទទួលការត្រួតពិនិត្យសុខភាពដើម្បីជាការប្រុងប្រយ័ត្នផងដែរ»។ ពួកគេបន្ថែមថា៖ «យើងកំពុងសម្របសម្រួលជាមួយអាជ្ញាធរអាកាសយានដ្ឋាន លើការផ្លាស់ទីយន្តហោះពីតំបន់ក្បែរផ្លូវរត់» ហើយឥឡូវនេះ ផ្លូវរត់នោះក៏អាចប្រើប្រាស់ឡើងវិញហើយដែរ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង។ ឧប្បត្តិហេតុនេះផងដែរ បានធ្វើឱ្យអ្នកដំណើរប្រហែល ៨,៥០០ នាក់ និងជើងហោះហើរពាណិជ្ជកម្ម និងទំនិញចំនួន ៥៧ ត្រូវបានរងផលប៉ះពាល់ដោយការបិទអាកាសយានដ្ឋាន ប៉ុន្តែវាបានបើកឡើងវិញ ៥ម៉ោង បន្ទាប់ពីការធ្លាក់ផ្លូវនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Insider