ប្រទេសថៃគ្រោងនឹងលុបចោលការធ្វើតេស្ដ PCR សម្រាប់ភ្ញៀវបរទេសចាប់ពីខែឧសភា
- BY
- autoadmin
- April 8, 2022
ប្រទេសថៃគ្រោងនឹងលុបចោលការធ្វើតេស្ត PCR សម្រាប់ភ្ញៀវបរទេស ចាប់ពីខែឧសភាតទៅ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីទាក់ទាញយកអ្នកទេសចរឡើងវិញ។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Satit Pitutecha បានប្រាប់អ្នកទៅអ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះ បន្ទាប់ពីកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 ថា ការធ្វើតេស្ដបែប RT-PCR ដែលចាំបាច់សម្រាប់ទេសចរបរទេស នឹងត្រូវប្ដូរមកជាការធ្វើតេស្ដរហ័សវិញ។

គាត់បាននិយាយថា អ្នកធ្វើដំណើរដែលទទួលវ៉ាក់សាំងពេញលេញ ក៏នឹងលែងត្រូវការកក់កន្លែងសម្រាកនៅសណ្ឋាគារ ១យប់ តាមគោលការណ៍ one-night hotel accommodation ដើម្បីធានាទិដ្ឋាការនោះដែរ។ ប្រការនេះវាបានធ្វើឱ្យប្រទេសថៃ ដើរតាមគន្លងបណ្តាប្រទេសដូចជា អូស្ត្រាលី ហ្វីលីពីន និងសិង្ហបុរី នៅក្នុងការបន្ធូរបន្ថយច្បាប់ចូលមករបស់ទេសចរបរទេស ដោយសារប្រទេសនេះពឹងផ្អែកលើការត្រឡប់មកវិញរបស់ភ្ញៀវទេសចរ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចឡើងវិញ ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏កំពុងជះឥទ្ធិពលបន្ថែមទៀត។ ឧស្សាហកម្មសណ្ឋាគាររបស់ប្រទេសនេះ បានទាមទារជាយូរមកហើយ ឱ្យលុបចោលនូវកម្មវិធី Test & Go ដែលត្រូវបានគេហៅថា ជាការរារាំងដ៏សំខាន់សម្រាប់អ្នកធ្វើដំណើរ៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg
- Share This Post:






