អន្តរជាតិ

កំពូលតារាសម្តែងហូលីវូត Will Smith ត្រូវហាម​ឃាត់មិន​ឱ្យ​ចូល​រួម​កម្មវិធី Oscar រយៈ​ពេល ១០ឆ្នាំ ​

BY
autoadmin
April 9, 2022

សាលាភាពយន្តរបស់ហូលីវូដ កាលពីថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២ បានសម្រេចហាមឃាត់តារាសម្ដែង Will Smith មិនឲ្យចូលរួមក្នុងកម្មវិធី Oscars រយៈពេល ១០ឆ្នាំ បន្ទាប់ពីម្ចាស់ពានរង្វាន់ «តារាសម្តែងល្អបំផុត» រូបនេះបានទះកំផ្លៀងពិធីករ Chris Rock នៅលើឆាកពិធីប្រគល់ពានរង្វាន់ Academy កាលពីជិត ២ សប្ដាហ៍មុន។ ក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្ត (Academy of Motion Picture Arts and Sciences) បានចាត់វិធានការនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ មួយសប្តាហ៍បន្ទាប់ពី Smith បានលាលែងពីក្រុម។

ប្រធានបណ្ឌិត្យសភាលោក David Rubin និងនាយកប្រតិបត្តិលោកស្រី Dawn Hudson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ពានរង្វាន់អូស្ការលើកទី៩៤ គឺមានន័យថា ជាការអបអរសាទរនៃបុគ្គលជាច្រើននៅក្នុងសហគមន៍របស់យើង ដែលបានធ្វើការងារអស្ចារ្យកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាទាំងនោះត្រូវបានលុបជិតដោយអាកប្បកិរិយាដែលមិនអាចទទួលយកបាន និងបង្កគ្រោះថ្នាក់ដែលយើងបានឃើញរបស់ Mr Smith នៅលើឆាកនោះ»។

ទន្ទឹមនឹងនេះដែរលោក Smith បាននិយាយថា៖«ខ្ញុំទទួលយក និងគោរពការសម្រេចចិត្តរបស់បណ្ឌិត្យសភាសិល្បៈ»។ តារា​សម្ដែង​រូប​នេះ ​ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សុំទោស​ចំពោះលោក Rock អ្នក​ផលិត​កម្មវិធី Oscars បេក្ខភាព និង​ទស្សនិកជនទាំងអស់៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: