អាមេរិកនិងឥណ្ឌាជួបគ្នាក្នុងកិច្ចប្រជុំ “ផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់ជាមួយគ្នា” អំពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
- BY
- Pheakdey
- April 12, 2022
កាលពីថ្ងៃចន្ទ ទី១១ ខែមេសាម្សិលមិញនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានជួបគ្នាក្នុងកិច្ចប្រជុំមួយដែលជាជំនួប “ផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់ជាមួយគ្នា” អំពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា កិច្ចប្រជុំពិសេសនេះត្រូវបានរៀបចំឡើងស្របពេលដែលទីក្រុងវ៉ាស៊ីនតោនហាក់មានការខកចិត្តចំពោះទីក្រុងញូវដេលី ដ្បិតនាពេលកន្លងមកឥណ្ឌាតែងរក្សាជំហរអព្យាក្រឹត្យចំពោះសកម្មភាពឈ្លានរបស់កងទ័ពរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ខណៈអាមេរិកចង់ឃើញឥណ្ឌាបង្ហាញជំហរមិនគាំទ្ររុស្ស៊ី។

គួរបញ្ជាក់ជូនថា លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានកំពុងតែព្យាយាមជំរុញឲ្យក្រុមមេដឹកនាំនៅជុំវិញពិភពលោកប្រកាន់ជំហរប្រឆាំងដាច់ខាតចំពោះរុស្ស៊ីតាមរយៈការធ្វើសកម្មភាពជាក់លាក់ណាមួយជំនួសឲ្យការនៅស្ងៀមចំពោះសកម្មភាពឈា្លនពានដ៏ធ្ងន់ធ្ងរនេះ។ យ៉ាងណាក្តី នៅក្នុងកិច្ចប្រជុំខាលើនេះគេមិនបានមើលឃើញថា អាមេរិកបានដាក់លក្ខខណ្ឌដាច់ខាតណាមួយឲ្យឥណ្ឌាគោរពតាមនោះទេ ខណៈកិច្ចប្រជុំបានបញ្ចប់ទៅដោយការមើលឃើញថា ឥណ្ឌាហាក់នៅតែរក្សាគោលជំហរអព្យាក្រឹត្យរបស់ខ្លួន ពោលគឺមិនប្រឆាំងដាច់ខាតជាមួយរុស្ស៊ីហើយឥណ្ឌាក៏មិនផ្តាច់ទំនាក់ទំនងជាមួយប្រទេសលោកខាងលិចនិងអាមេរិកដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






