ថៃគ្រោងចែកចាយថ្នាំកូវីដ ៤៥,០០០ប្រអប់ដើម្បីព្យាបាលអ្នកជំងឺនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំ
- BY
- Pheakdey
- April 12, 2022
ថៃ៖ អាជ្ញាធរថៃគ្រោងចែកចាយថ្នាំប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៤៥,០០០ ប្រអប់ដើម្បីព្យាបាលអ្នកជំងឺកូវីដនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមេសានេះ។ ថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងនោះគឺជាថ្នាំប្រភេទ Paxlovid ផលិតឡើងដោយក្រុមហ៊ុនផលិតឱសថ Pfizer ហើយអាជ្ញាធរថៃទើបទទួលបានថ្នាំទាំងអស់នេះកាលពីថ្ងៃចន្ទ ទី១១ ម្សិលមិញនេះ។

ប្រភពខាងលើបានបន្តថា អ្នកជំងឺគោលដៅដែលស្ថិតក្នុងគម្រោងនៃការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំលេបទាំងនេះគឺក្រុមអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ហើយថ្នាំលេបនេះក៏ត្រូវបានលើកលែងមិនឲ្យប្រើប្រាស់ចំពោះក្រុមអ្នកជំងឺកូវីដជាស្រ្តីកំពុងមានផ្ទៃពោះ ក្រុមស្រ្តីកំពុងបំបៅដោះកូន និងក្រុមអ្នកជំងឺកូវីដដែលកំពុងលេបថ្នាំព្យាបាលបញ្ហាសួតនិងក្រលៀនជាប្រចាំផងដែរ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះថៃមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃជាមធ្យមខ្ទង់ ២ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយតួលេខអ្នកឆ្លងសរុបមានចំនួនជិត ៤លាននាក់ ស្លាប់សរុបជាង ២,៦ ម៉ឺននាក់ ខណៈថៃនៅមានអ្នកជំងឺដែលកំពុងស្ថិតក្នុងការព្យាបាលជាង ២,៣ សែននាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






