គ្រោះបាក់ដី និងទឹកជំនន់ ដែលបណ្ដាលមកពីព្យុះត្រូពិច Megi បានឆក់យកជីវិតពលរដ្ឋហ្វីលីពីនយ៉ាងហោចណាស់ ២៥ នាក់ និង ១៣,០០០ នាក់ ផ្សេងទៀតត្រូវជម្លៀសខ្លួន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា មនុស្សយ៉ាងតិច ២៥ នាក់បានស្លាប់ នៅក្នុងគ្រោះបាក់ដី និងទឹកជំនន់ នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះត្រូពិច Megi បានបោកបក់ប្រទេសនេះ។ រហូតមកដល់ថ្ងៃអង្គារនេះ ក្រុមជួយសង្គ្រោះនៅតែបន្ដប្រយុទ្ធ ដើម្បីទាញយកមនុស្សដែលជាប់គាំងនៅឆ្នេរភាគខាងកើត និងខាងត្បូង។ ជម្រាបដែរថា ព្យុះត្រូពិច Megi បានវាយប្រហារហ្វីលីពីនកាលពីថ្ងៃអាទិត្យ ជាមួយល្បឿនរហូតដល់ ៦៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វាជាព្យុះទីមួយក្នុងឆ្នាំនេះសម្រាប់ហ្វីលីពីន ខណៈដែលជាធម្មតាប្រទេសនេះមានខ្យល់ព្យុះជាមធ្យមចំនួន ២០ ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះដែរ មានមនុស្សជាង ១៣,០០០ នាក់ បានភៀសខ្លួនទៅកាន់ទីជម្រកខ្ពស់ៗ ខណៈដែលខ្យល់ព្យុះបានបោកបក់លើឆ្នេរសមុទ្រភាគខាងកើត ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ដែលបានផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ជន់លិចផ្ទះ និងស្រែចម្ការ និងបង្កឱ្យមានការបាក់ដីនៅតាមភូមិ។ អាជ្ញាធរក្នុងតំបន់ក្នុងទីក្រុង Baybay បាននិយាយកាលពីថ្ងៃចន្ទថា តំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្ត Leyte ជាកន្លែងដែលមានសាកសពចំនួន ២២ ត្រូវបានគេកាយចេញមកបាន បន្ទាប់ពីត្រូវបានកប់នៅក្រោមដី។ សាកសពចំនួន ៣ ផ្សេងទៀត ត្រូវបានរកឃើញនៅតំបន់ Davao ភាគខាងត្បូង នេះបើតាមការទីភ្នាក់ងារគ្រោះមហន្តរាយជាតិ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC