មន្ត្រីធ្វើលិខិតឆ្លងដែន ដែលមិនទទួលលុយខ្មែរ ត្រូវថ្នាក់លើដកចេញពីការងារហើយ
យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចុះផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ទាក់ទងនឹងករណីលោកស្រីវរសេនីយ៍ទោ គ្រី ណារី បម្រើការងារនៅទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំផ្សារអ៊ីអនម៉ល ខណ្ឌសែនសុខ រាជធានីភ្នំពេញ បដិសេធមិនទទួលយករូបិយប័ណ្ណប្រាក់រៀលពីឈ្មោះ សេង សុខរ៉េម ក្នុងការបំពេញបែបបទស្នើរសុំផ្តល់លិខិតឆ្លងដែន។
ដើមហេតុនៃរឿងនេះ គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង២៥នាទី មានពលរដ្ឋឈ្មោះ សេង សុខរ៉េម បានមកបញ្ជរបង់ប្រាក់ ដោយស្នើរសុំបង់កម្រៃសេវាចំនួន ៤០០,០០០រៀល។ នៅពេលនោះ លោកស្រីវរសេនីយ៍ទោ គ្រី ណារី បានទាមទារឲ្យបង់ប្រាក់ចំនួន ៤២០,០០០រៀល។ បន្ទាប់មិនត្រូវរ៉ូវគ្នា និងជជែកតវ៉ាមួយសន្ទុះលើអត្រាប្តូរប្រាក់រួចមក លោកស្រីវរសេនីយ៍ទោ គ្រី ណារី ក៏បានបញ្ឈប់ការយកប្រាក់រៀល និងស្នើរសុំឲ្យសាមីខ្លួនបង់ជាងប្រាក់ដុល្លារ។ ក្រោយមកសាមីខ្លួនក៏បានបង់ប្រាក់ចំនួន ១០០ដុល្លារអាមេរិកជំនួនវិញ។
ទាក់ទងនឹងករណីនេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចដកលោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីទីស្នាក់ការផ្តល់សេវាខាងលើ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីធ្វើការត្រួតពិនិត្យ និងពិចារណាអំពីគោលការណ៍វិន័យរបស់អង្គភាព៕


អត្ថបទ៖ សេម